អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១. ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រនិងគោលនយោបាយកំណែទម្រង់មុតស្រួច ធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានរួមសុខរួមទុក្ខប្រជាជន និងវីរយុទ្ធជនក្នុងការបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធ ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង។

ទី២. បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្តធ្វើដូចភ្លៀងរលឹម៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើរបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ធ្វើឡើងដើម្បីធានាការអនុវត្តបទឈប់បាញ់ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា ក៏ដូចជាពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះព្រោះការបំពានដោយកម្លាំងប្រដាប់អាវុធថៃ សំដៅធ្វើយ៉ាងណាដើម្បីឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ គឺក្នុងន័យនេះហើយដែលកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់និងការអនុវត្តគ្រប់ចំណុចទាំងអស់ ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ នេះសបញ្ជាក់ពីសារសំខាន់នៃវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតាមបណ្តោយព្រំដែន។

ទី៣. ក្រុមគ្រួសារវីរកងទ័ពពលីទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី៦ខ្នងទៀតដែលជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត និងសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសព។ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗជូនដល់ក្រុមគ្រួសារវីរកងទ័ពដែរ។

សូមបញ្ជាក់ថា ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print