កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅក្រុងច្បារមនហើយដកម៉ូតូទុក៣ខែសិន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដាក់បទបញ្ជាដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ដោយថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292 )ករណីបង្ហោះម៉ូតូតាមទីសាធារណៈ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។

 

ក្រោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292) លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ  ជាពិសេសប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ។

 

ក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង ២៣:១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍ខាងលិចពន្ធនាគារ ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះមានគ្នាចំនួន ០៣នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ, ទី០២ឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ, ទី០៣ឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ និងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA BEAT ពណ៌ខៀវ ឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ GW-2892) , ទូរស័ព្ទ ចំនួន០៣គ្រឿង(ម៉ាក IPHONE , HONOR) ។

 

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print