ខេត្តស្វាយរៀង:អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត។
អាជ្ញាធរខេត្តស្វាយរៀង បានអោយដឹងថា នៅថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាលទ្ធផលនៃការចុះអនុវត្តវិធានការរដ្ឋបាល និងបង្ក្រាបជាក់ស្តែង សមត្ថកិច្ចបានរកឃើញជនសង្ស័យសរុបចំនួន ១១នាក់ (ស្រី ៣នាក់) ជាជនជាតិវៀតណាម និងបានដកហូតសម្ភារវត្ថុតាងមួយចំនួនតាមទីតាំងដូចខាងក្រោម៖
-ទីតាំងទី១ (សង្ស័យ Online Scam)៖ រកឃើញជនជាតិវៀតណាមចំនួន ៧នាក់ (ប្រុសទាំងអស់) និងដកហូតវត្ថុតាងរួមមាន លិខិតឆ្លងដែន ៣ក្បាល, កុំព្យូទ័រ All-in-One ចំនួន ១៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ១៣គ្រឿង, ទូរសព្ទដៃចម្រុះ ២៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារមួយចំនួនទៀត។
-ទីតាំងទី២ (សង្ស័យ Online Scam)៖ រកឃើញជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី ២នាក់) និងលិខិតឆ្លងដែនចំនួន ២ក្បាល ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
-ទីតាំងទី៣ និងទី៤ (រដ្ឋបាលចំហ)៖ ជាប្រភេទផ្ទះល្វែងពុំស្គាល់អត្តសញ្ញាណម្ចាស់ និងគ្មានជនបរទេសស្នាក់នៅនោះទេ ព្រមទាំងមិនមានការដកហូតសម្ភារអ្វីឡើយ។
-ទីតាំងទី៥ (រដ្ឋបាលចំហ)៖ ពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៤នាក់ (២សញ្ជាតិ) រួមមាន ជនជាតិចិន ៣នាក់ (ប្រុស) និងជនជាតិវៀតណាម ១នាក់ (ស្រី)។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមនិងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូន និងប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ដោយឡែក ទីតាំងសង្ស័យទាំង ២ខាងលើ ត្រូវបានក្រុមការងារសម្រេចបិទសៀលជាបណ្តោះអាសន្ន។










