ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបន្តប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហ និងត្រួតពិនិត្យទីតាំងសង្ស័យមួយចំនួន ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយមានការសហការរវាងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រចាំការខេត្ត កងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះ សមត្ថកិច្ចបានចុះពិនិត្យទីតាំងសរុបចំនួន ៥កន្លែង រួមមាន ផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល និងឃ្លាំង (សរុប ៦៧បន្ទប់) ដើម្បីត្រួតពិនិត្យការស្នាក់នៅ និងទប់ស្កាត់សកម្មភាពល្មើសច្បាប់ផ្សេងៗ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើរដ្ឋបាលលើជនបរទេសសរុប ២០នាក់ (ស្រី ៤នាក់) ក្នុងនោះរកឃើញម្នាក់គ្មានលិខិតឆ្លងដែន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ៤នាក់ (ជនជាតិចិន ២នាក់ និងជនជាតិវៀតណាមស្រី ២នាក់) ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការនេះធ្វើឡើងក្នុងគោល បំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ អាជ្ញាធរខេត្តត្បូងឃ្មុំនឹងបន្តស្រាវជ្រាវ និងត្រួតពិនិត្យតាមទីតាំងសង្ស័យនានានៅទូទាំង ៧ក្រុង-ស្រុក បន្ថែមទៀត ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងជនបរទេស៕










