ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានបង្រ្កាបមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ៣នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៦ថា ជនសង្ស័យខាងលើមានឈ្មោះ១-សោម វុទ្ធី ហៅគៀក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកឆក់) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។
២-ឈ្មោះ សយ ហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត (អ្នកបើកម៉ូតូ) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។
ទី៣-ឈ្មោះ ងិន កុលពិសាល ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(អ្នកយកទូរស័ព្ទទៅលក់) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។
ប្រភពបន្តថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្តឹងមួយច្បាប់ពីជនរងគ្រោះឈ្មោះ ជា គឹមឆេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) មួយគ្រឿងម៉ាក IPHONE 17PROMAX ពណ៌ទឹកប្រាក់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កាលពីវេលាម៉ោង២៣:០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រួចជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យ ។
ដោយមានបទបញ្ជាពីលោក សំ សំអុល អធិការនគរបាលក្រុងបាវិត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានស្រាវជ្រាវរកទូរសព្ទដៃរបស់ជនរងគ្រោះ នៅចំណុចទីតាំងហាងលក់ទូរស័ព្ទមួយ ស្ថិតក្នុងអង្គសាលា សង្កាត់ព្រៃអង្គុញ់ ក្រុងបាវិត ។
រហូតដល់ម៉ោង២០និង១០នាទី នាថ្ងៃដដែល សមត្ថកិច្ចយើងស្រាវជ្រាវឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាជនដៃដល់ជាបន្តបន្ទាប់ចំនួន០៣នាក់ និងសម្ភារ:វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 17 PROMAX ពណ៌ទឹកប្រាក់(បានធ្វើការប្រគល់ឲ្យទៅជនរងគ្រោះ) ម៉ូតូ០១គ្រឿងម៉ាក SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1V-4740 (មធ្យោបាយធ្វើសកម្មភាពឆក់), ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KH-2813(ម៉ូតូជិះយកទូរស័ព្ទទៅលក់) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើ រួមនឹងវត្ថតាងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន










