ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Xabi Alonso បានថ្លែងថា Bayern Munich អាចជា ក្លិបចុងក្រោយហើយ សម្រាប់អាជីពជា កីឡាករបាល់ទាត់របស់ខ្លួន ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះធ្លាប់ទទួលបានជោគជ័យច្រើនក្នុងក្លិបធំៗដូចជា Liverpool, Real Madrid និងBayern Munichដោយរួមបញ្ចូលទាំងការឈ្នះជើងឯក Champions League ២ដង European Championships ២ដង និងជើងឯក World Cup ម្តងជាមួយនឹងក្រុមគោជល់ អេស្ប៉ាញ ។
នៅពេលដែលអាជីពបាល់ទាត់ជិត ដល់ទីបញ្ចប់កីឡាករ Xabi Alonso ហាក់ បីដូចជាមិនចង់ផ្លាស់ ទៅលេងទីណាទៀតឡើយបើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅក្នុងក្របខ័ណ្ឌអីុតាលី Serie A ក៏ដោយ ។
Xabi Alonsoបាននិយាយថា “ខ្ញុំគិត ថា Bayern Munich គឺជាក្លិបចុងក្រោយ របស់ខ្ញុំហើយ។ ខ្ញុំចង់បន្តលេងនៅក្នុង កម្រិតកំពូលដដែល ខណៈរាងកាយនិង ចិត្តរបស់ខ្ញុំនៅប្រាប់ខ្ញុំថាខ្ញុំអាចលេងបាន ហើយអ្វីដែលសេសសល់នេះគឺប្រាកដជានៅក្នុងក្រុមBayern Munichនេះហើយ។ ខ្ញុំចង់ទៅលេងនៅក្នុងប្រទេសអុីតាលីដែរប៉ុន្តែខ្ញុំប្រហែលជាគ្មានពេលសម្រាប់ទៅទីនោះទេ”។
គួរបញ្ជាក់ថា កិច្ចសន្យារបស់ Xabi Alonso នឹងចប់ជាមួយនឹងក្រុម Bayern Munich នៅក្នុងរដូវកាលនេះ ហើយគាត់ពុំទាន់ដឹងច្បាស់ថាត្រូវបន្តកិច្ចសន្យាថ្មីឬយ៉ាងណានោះទេ៕
ដោយ៖ ដេវីត