ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូស្មាក់វីក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នបានជ្រុលទៅបុកគូថរថយន្តសិុនទ្រីពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្បែរនិងច្រកចូលប៉ុស្តិ៍ស្ទឹងមានជ័យ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យុវជនដែលស្លាប់ខាងលើមានឈ្មោះអោ អួនម៉ូលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជា IT មានស្រុកកំណើតនៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ រីឯម៉ូតូរបស់ជនរងគ្រោះម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AU-9167 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគេបានឃើញ រថយន្តសិុនទ្រី បានបើកបរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ដោយបើកមកសន្សឹមៗដើម្បីយកសំរាម ហើយមកដល់ចំណុចកើតហេតុនោះរថយន្តសិុនទ្រីក៏បានឈប់យកសំរាម ខណៈនោះស្រាប់តែមានយុវជនរងគ្រោះខាងលើបានជិះម៉ូតូស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសិុនទ្រីពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនរូបនោះបោកផ្ទុបទៅនិងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូជនរងគ្រោះបានរងការខូចខាតខាងមុខទាំងស្រុងហើយអ្នកបើកបរនិងកម្មករកឿបសំរាមនោះបានរត់គេចខ្លួនបាត់ស្រមោលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ក្នុងមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកឯសពត្រូវបានសមត្ថកិច្ចប្រគល់សាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...