ប្រពន្ធទូរសព្ទរក​ប្ដី​ ២​ថ្ងៃ​ មិន​ចូល ​ក៏​ជិះ​កង់​បី​ទៅ​មើល ឃើញ​ស្លាប់​ក្នុង​កាប៊ី​ន​ឡាន​កុងតឺន័រ​ ហើម​ស្អុយ​ទៅ​ហើយ

ចែករំលែក៖

ភ្នំពេញ​៖ បុរស​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ម្នាក់​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ហើយ​ត្រូវ​បាន​ប្រពន្ធ​ខ​ល​រក​២​ថ្ងៃ​ហើយ ប៉ុន្តែ​ខ​ល​មិន​ចូល​ទាល់តែ​សោះ ដោយ​មានការ​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​ពី​ប្ដី​ខ្លាំង​ពេក ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ជិះ​ម៉ូតូ​កង់​បី​ទៅ​រក​មើល​ដល់​កន្លែង​ប្ដី​ធ្វើការ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​កាប៊ីន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ហើម​ស្អុយ​បាត់​ទៅ​ហើយ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ផែស្ងួត​«AI CONTAINER CENTER»​ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​ឈ្មោះ​ខាត់ ឃី​ម អាយុ​ជា​៤០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​កុងតឺន័រ​នៅ​ផែស្ងួត​លី ធា​ម មាន​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង មានស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំ គាត់​បាន​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​១​គ្រឿង​ម៉ាក​នី​ស្សាន់ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3G-2857 ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​សៅរ៍​ថ្ងៃ​ទី​២២ ខែសីហា ប្ដី​នាង​បាន​ប្រាប់​នាង​ថា គាត់​បើក រថយន្ត​ទៅ​ដឹក​ទូ​កុងតឺន័រ​នៅ​រាជធានី​ភ្នំពេញ យក​ទៅ​ដាក់​នៅ​ផែស្ងួត​«AI CONTAINER CENTER» លុះ ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល នាង​បានទូរសព្ទរក​ប្ដី​ម្ដងទៀត តែ​ចូល​ហើយ​ប្ដី​អត់​លើក​ទូរស័ព្ទ​សោះ ។ រហូត​ដល់​ថ្ងៃអាទិត្យ​ថ្ងៃ​ទី​២៣ ខែសីហា នាង​និង​ក្រុម​គ្រួ​សារ បាន​ព្យាយាមទូរសព្ទរក​ប្ដី​បន្ត​ទៀត តែទូរសព្ទលែង​ចូល​តែ​ម្ដង ពេល​នោះ​នាង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្ដី​ខ្លាំង​ណាស់ ព្រោះ​ប្ដី​នាង​មាន​ជំងឺ​បេះដូង​ផង ។

នាង​ប្រពន្ធ​រូប​នោះ​បាន​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ចន្ទ​ទី​២៤ ខែសីហា នាង​និង​បងប្អូន​បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ទៅ​តាម​រក​ប្ដី​នៅ​ផែស្ងួត​«AI CONTAINER CENTER»​ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ លុះ​ពេល​ទៅ​ដល់​បានឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ខាងលើ​ចត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​ផែស្ងួត​នោះ​ដោយ​ទ្វារ​រថយន្ត​អត់​ជាប់​គន្លឹះ​ក្នុង​ទេ ក៏​បាន​នាំ​គ្នា​អឺត​មើល ស្រាប់តែ​ឃើញ​ប្ដី​ស្លាប់​ហើម​ស្អុយ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ​បាត់​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​បាន​ប្រទះ​ឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង​នោះ​ចត​ចោល​នៅ​កន្លែង​កើត ហេតុ​តាំងពី​វេលា​ល្ងាច​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​២២ ខែសីហា​មក​ម្ល៉េះ ប៉ុន្តែ​ពួក​គាត់​ពុំ​បាន​ចាប់អារម្មណ៍​ថា​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​ឡើយ ។ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែសីហា ទើប​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ប្រពន្ធ​និង​ក្រុម​គ្រួសារ​បុរស​នោះ​ប្រទះ​ឃើញ​ប្ដី​របស់​ខ្លួន​ស្លាប់​នៅ​ក្នុង​រថយន្ត​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរ​បាក​ខណ្ឌ​កំ​បូល និង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា បុរស​នោះ​ស្លាប់​ដោយសារ​អ្វី​នៅឡើយ​ទេ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print