ភ្នំពេញ៖ បុរសអ្នកបើកបររថយន្តកុងតឺន័រម្នាក់មានជំងឺបេះដូងប្រចាំកាយ ហើយត្រូវបានប្រពន្ធខលរក២ថ្ងៃហើយ ប៉ុន្តែខលមិនចូលទាល់តែសោះ ដោយមានការងឿងឆ្ងល់ និងព្រួយបារម្ភពីប្ដីខ្លាំងពេក ស្ត្រីជាប្រពន្ធក៏បានជិះម៉ូតូកង់បីទៅរកមើលដល់កន្លែងប្ដីធ្វើការ ក៏ស្រាប់តែប្រទះឃើញប្ដីស្លាប់នៅក្នុងកាប៊ីនរថយន្តកុងតឺន័រ១គ្រឿងហើមស្អុយបាត់ទៅហើយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខផែស្ងួត«AI CONTAINER CENTER»ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសខាងលើឈ្មោះខាត់ ឃីម អាយុជា៤០ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រនៅផែស្ងួតលី ធាម មានប្រពន្ធជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង មានស្រុកកំណើតនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ គាត់បានស្លាប់នៅក្នុងកាប៊ីនរថយន្ត១គ្រឿងម៉ាកនីស្សាន់ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3G-2857 ។
ស្ត្រីជាប្រពន្ធបាននិយាយថា កាលពីវេលាព្រឹកថ្ងៃសៅរ៍ថ្ងៃទី២២ ខែសីហា ប្ដីនាងបានប្រាប់នាងថា គាត់បើក រថយន្តទៅដឹកទូកុងតឺន័រនៅរាជធានីភ្នំពេញ យកទៅដាក់នៅផែស្ងួត«AI CONTAINER CENTER» លុះ ដល់វេលាម៉ោង១០យប់ថ្ងៃដដែល នាងបានទូរសព្ទរកប្ដីម្ដងទៀត តែចូលហើយប្ដីអត់លើកទូរស័ព្ទសោះ ។ រហូតដល់ថ្ងៃអាទិត្យថ្ងៃទី២៣ ខែសីហា នាងនិងក្រុមគ្រួសារ បានព្យាយាមទូរសព្ទរកប្ដីបន្តទៀត តែទូរសព្ទលែងចូលតែម្ដង ពេលនោះនាងមានការព្រួយបារម្ភពីសុវត្ថិភាពប្ដីខ្លាំងណាស់ ព្រោះប្ដីនាងមានជំងឺបេះដូងផង ។
នាងប្រពន្ធរូបនោះបានបន្តទៀតថា រហូតដល់ថ្ងៃចន្ទទី២៤ ខែសីហា នាងនិងបងប្អូនបានសម្រេចចិត្តជិះម៉ូតូកង់បីទៅតាមរកប្ដីនៅផែស្ងួត«AI CONTAINER CENTER»ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ លុះពេលទៅដល់បានឃើញរថយន្តកុងតឺន័រ១គ្រឿងខាងលើចតនៅតាមផ្លូវជាតិលេខ៣ មុខផែស្ងួតនោះដោយទ្វាររថយន្តអត់ជាប់គន្លឹះក្នុងទេ ក៏បាននាំគ្នាអឺតមើល ស្រាប់តែឃើញប្ដីស្លាប់ហើមស្អុយក្នុងកាប៊ីនរថយន្តនោះបាត់ទៅហើយ ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានប្រទះឃើញរថយន្តកុងតឺន័រ១គ្រឿងនោះចតចោលនៅកន្លែងកើត ហេតុតាំងពីវេលាល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាមកម្ល៉េះ ប៉ុន្តែពួកគាត់ពុំបានចាប់អារម្មណ៍ថាមានមនុស្សស្លាប់នៅក្នុងនោះឡើយ ។ រហូតដល់ថ្ងៃទី២៤ ខែសីហា ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រពន្ធនិងក្រុមគ្រួសារបុរសនោះប្រទះឃើញប្ដីរបស់ខ្លួនស្លាប់នៅក្នុងរថយន្តខាងលើ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាកខណ្ឌកំបូល និងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យវិច័យ ប៉ុន្តែពុំទាន់ដឹងថា បុរសនោះស្លាប់ដោយសារអ្វីនៅឡើយទេ៕










