កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកចុះបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ

ចែករំលែក៖

ខេត្តកំពង់ចាម÷ បើធៀបទៅនឹងថ្ងៃម្សិលមិញ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ នេះ ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម បានស្រកចុះបន្តិច គឺ ០,០២ម៉ែត្រ ស្មើនឹងកម្ពស់ ១៤,០៦មែត្រ ពេលដែលកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ស្ថិតនៅចំណុចប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ។

 

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ទោះបីកម្រិតកម្ពស់ទឹក បានស្រកចុះបន្តិចក្ដី តែបើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ត្រឹមតែ ៩,៧៦ម៉ែត្រ ប៉ុណ្ណោះ ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ដែរថា មកដល់ពេលនេះ ព្រែកចំនួន ៤០ ក្នុងចំណោមព្រែកទាំង ៤១ នៅក្នុងស្រុកទាំង ៥ របស់ខេត្តកំពង់ចាម ទទួលបានរបបជំនន់ទន្លេមេគង្គ ពោលគឺ មិនមានការប្រែប្រួលឡើយ បើទោះបីនាថ្ងៃនេះ ទឹកបានស្រកចុះបន្តិចបន្តួចក្ដី ។

 

សូមជម្រាបដែរថា នាឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅក្នុងក្រងកំពង់ចាម នាពេលថ្មីៗនេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ព្រែក បឹងបួរ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ជាពិសេស ត្រូវមើលថែសមាជិកគ្រួសារ ក្មេងតូចៗ កុំឲ្យលេងទឹក ឫធ្វើដំណើរទៅកាន់ទីកន្លែងដែលមានគ្រោះថ្នាក់ និងទំនាក់ទំនងលេខទូរស័ព្ទ ១២៩៤ ដើម្បី ទទួលបានពត៌មានសុំអន្តរាគមន៍ ឫទាក់ទងអាជ្ញាធរដោយផ្ទាល់ ដើម្បីជួយសង្គ្រោះ ឫជំលៀសទៅកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print