ខេត្តកណ្ដាល៖ សាកសពក្មេងប្រុសឈ្មោះ សួន ដូណា ភេទប្រុស អាយុ ១៣ឆ្នាំ ដែលបានបាត់ខ្លួនក្នុងចំណោមក្មេងប្រុស ៣នាក់ ក្នុងករណីលិចទូកនៅតំបន់កោះប្រាក់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋប្រទះឃើញហើយ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។
កន្លងមក សមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែងស្វែងរកក្មេងប្រុសទាំង៣នាក់ ដោយមិនបោះបង់ការខិតខំប្រឹងប្រែងឡើយ។ ជាលទ្ធផល សាកសពក្មេងប្រុសចំនួន២នាក់ រួមមាន ឡុង សត្យា អាយុ ១៣ឆ្នាំ និង ហួន ភិនុត អាយុ ១៤ឆ្នាំ ត្រូវបានរកឃើញ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។
ដោយឡែក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សាកសពក្មេងប្រុស សួន ដូណា ត្រូវបានប្រទះឃើញនៅក្នុង ភូមិបឹងគ្រុំ ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្ដាល។ ក្រោយការពិនិត្យ និងស្គាល់ពីសំណាក់ក្រុមគ្រួសារ បានបញ្ជាក់ថា សាកសពដែលបានរកឃើញ គឺពិតជាកូនប្រុសរបស់ពួកគាត់។
បច្ចុប្បន្ន ក្រុមគ្រួសារកំពុងរៀបចំដឹកយកសាកសពទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណី៕
ដោយ៖ សុរិយា










