ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក Range rover ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងបានជ្រុលទៅបុកពីក្រោយរថយន្ត BYD រុញទៅបុកនិងកិនពីលើម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង58P ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក BYD មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BR- 9148 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង 58P ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងម៉ូតូ១គ្រឿងម៉ាក ហុងដាប៊ីត ពាក់ផ្លាកលេខ ភ្នំពេញ 1HD-0068 ជិះដោយយុវជនម្នាក់ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បង្អង់ល្បឿនអោយរថយន្តធុនធំ១គ្រឿងមិនស្គាល់ម៉ាកបត់ឆ្លងផ្លូវនៅពីមុខ ភ្លាមនោះស្រាប់តែគេឃើញមានរថយន្តម៉ាក Range rover ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-1698 បើកបរដោយបុរសម្នាក់បើកមកពីក្រោយស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយរថយន្ត BYD ពេញទំហឹងរុញទៅបុកផ្ទប់ពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាប៊ីតរួចកិនពីលើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឃាត់ខ្លួនអ្នកបើករថយន្តបង្កហេតុយកទៅប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាងដើម្បីសួរនាំ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងនិងម៉ូតូ១គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










