ភ្នំពេញ៖ ករណីលួចយកប្រាក់ចំនួន ២២,៥០០ដុល្លារអាមេរិក ពីភ្ញៀវជាជនជាតិបរទេស ដោយជនសង្ស័យយកប្រាក់ដុល្លារក្លែងក្លាយប្រភេទ «លុយសែន» ដាក់ជំនួសប្រាក់ពិត បានកើតឡើងនៅហាងម៉ាស្សាមួយកន្លែង ស្ថិតនៅផ្ទះលេខ៤០៣ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២១:៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ក្រោយករណីនេះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះទៅពិនិត្យ និងស្រាវជ្រាវនៅទីតាំងកើតហេតុ។
នៅពេលសមត្ថកិច្ចទៅដល់ ហាងម៉ាស្សាខាងលើបានបិទទ្វារ ដោយសមត្ថកិច្ចបានទំនាក់ទំនងទៅម្ចាស់ផ្ទះ ដើម្បីសាកសួរព័ត៌មានពាក់ព័ន្ធនឹងអ្នកជួល និងបុគ្គលិកដែលធ្វើការនៅទីតាំងនោះ។ តាមការសាកសួរ សមត្ថកិច្ចបានប្រមូលព័ត៌មាន និង កំណត់បានមុខសញ្ញាជនសង្ស័យរួចហើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធីច្បាប់ដោយម៉ឺងម៉ាត់។ សមត្ថកិច្ចបញ្ជាក់ថា រាល់សកម្មភាពខុសច្បាប់ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕
ដោយ៖ សុរិយា










