Spurs នាំយកខ្សែប្រយុទ្ធអេហ្ស៊ីប Marmoush មកខាំដៃគ្នាជាមួយ ខ្សែបម្រើស្លាបSavioមកពី Man Cityដូចគ្នា

ចែករំលែក៖

ក្លិប Tottenham Hotspur បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Omar Marmoush ពី Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ ក្លិប Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលលក្ខខណ្ឌដែលតម្រូវឱ្យ Spurs ទិញកីឡាកររូបនេះជាអចិន្ត្រៃយ៍នៅរដូវក្តៅឆ្នាំក្រោយ។

 

តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស លក្ខខណ្ឌទិញជាកាតព្វកិច្ចមានតម្លៃធានា ៥០ លានផោន (ប្រមាណ ៦៧,៩៦ លានដុល្លារ) ហើយអាចកើនបន្ថែម ១០ លានផោន តាមលក្ខខណ្ឌបន្ថែមផ្សេងៗ។

 

Marmoush វ័យ ២៧ ឆ្នាំ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖

«ខ្ញុំពិតជារំភើបណាស់ដែលបានមកទីនេះ។ ខ្ញុំទន្ទឹងរង់ចាំចាប់ផ្តើមជាមួយក្រុម ហើយមិនអាចរង់ចាំជួបអ្នកគាំទ្របានទេ»។

លោកបន្តថា៖ «Tottenham Hotspur គឺជាក្លិបដ៏ធំបំផុតមួយនៅអង់គ្លេស ហើយប្រហែលជាមួយក្នុងចំណោមក្លិបធំបំផុតនៅលើពិភពលោក។ គម្រោងរបស់ក្លិបពិតជាទាក់ទាញខ្ញុំខ្លាំងណាស់»។

 

Marmoush ក៏បានបង្ហើបថា រូបគេបានពិភាក្សាជាមួយគ្រូបង្វឹក Roberto De Zerbi ហើយចូលចិត្តអ្វីដែលគ្រូបង្វឹកបានបង្ហាញអំពីគម្រោងរបស់ក្លិប។

 

រដូវកាលពីរដែលខុសគ្នារបស់ Marmoush នៅ Man City

 

Marmoush មានទម្រង់លេងល្អក្នុងរដូវកាលដំបូងរបស់គេជាមួយ Manchester City ក្នុងឆ្នាំ 2024-25 ប៉ុន្តែកាលពីរដូវកាលមុន រូបគេពិបាករកកន្លែងលេងជាប្រចាំ ដោយសារត្រូវប្រជែងជាមួយកីឡាករដែលមានបទពិសោធន៍ ដូចជា Erling Haaland ក្នុងក្រុមរបស់លោក Pep Guardiola។

 

រដូវកាលមុន Marmoush រកបានតែ ៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ២១ ប្រកួត Premier League សម្រាប់ City ដែលខុសគ្នាឆ្ងាយពីការចាប់ផ្តើមរបស់គេនៅ Etihad Stadium ដែលរកបាន ៧ គ្រាប់ក្នុងរយៈពេលកន្លះរដូវកាលដំបូង។

 

De Zerbi ចង់ពង្រឹងតំបន់ប្រយុទ្ធ

 

លោក De Zerbi ដែលបានចូលកាន់តំណែងនៅ Spurs កាលពីខែមីនា និងជួយក្លិបឱ្យគេចផុតពីការធ្លាក់ទៅលីគទី២ បានចង់ពង្រឹងតំបន់ប្រយុទ្ធជាចម្បង ខណៈ Spurs កំពុងកសាងក្រុមឡើងវិញ។

 

ក្លិបបានចំណាយប្រមាណ ២៣៧ លានផោន លើការនាំយកខ្សែបម្រើ Sandro Tonali និង Mateus Fernandes ព្រមទាំងខ្សែការពារ Jan Paul van Hecke។

 

Spurs ក៏បានចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីល Savio ដែលពីមុនគេស្គាល់ថា Savinho ពី Manchester City ក្នុងតម្លៃរាយការណ៍ប្រមាណ ៧៥ លានផោន បូកបន្ថែម ១០ លានផោនតាមលក្ខខណ្ឌផ្សេងៗ។

 

Marmoush អាចលេងបានច្រើនតួនាទីនៅតំបន់ប្រយុទ្ធ ទាំងជាខ្សែប្រយុទ្ធកណ្តាល និងខ្សែបម្រើស្លាបខាងឆ្វេង។ ការផ្លាស់មក Spurs ត្រូវបានគេរំពឹងថានឹងផ្តល់ឱកាសឱ្យគេលេងជាប្រចាំកាន់តែច្រើនក្រោមការដឹកនាំរបស់ De Zerbi។

 

Spurs ត្រូវការបង្កើនគុណភាពនៅតំបន់ប្រយុទ្ធ បន្ទាប់ពីមានរដូវកាលដ៏លំបាកពីរឆ្នាំជាប់គ្នា ហើយបានបញ្ចប់រដូវកាលមុនត្រឹម លេខ១៧ ក្នុង Premier League។

 

Marmoush នៅ World Cup 2026

Marmoush បានតំណាងឱ្យអេហ្ស៊ីបក្នុង World Cup 2026 ដោយចូលលេង ៥ ប្រកួត ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ។ អេហ្ស៊ីបបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ មុនពេលចាញ់អាហ្សង់ទីន ដែលក្រោយមកបានក្លាយជាជើងឯករង។

 

សម្រាប់ Spurs ពួកគេចាប់ផ្តើមរដូវកាល Premier League យ៉ាងខកចិត្ត បន្ទាប់ពីចាញ់ Brentford ០-៣ ក្នុងការប្រកួតបើករដូវកាល។

...

 

ការប្រកួតបន្ទាប់របស់ Tottenham គឺត្រូវ ទទួល Newcastle United នៅថ្ងៃសៅរ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print