កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូង ករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹង

របស់ជនរងគ្រោះឈ្មោះ ជួប តុងជឺ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  ស្តីពីករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ គឺឈ្មោះ សុខ វ៉ាន់ណា ហៅក្រៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ យក់ យួង ហៅក្រៅ ទូ ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា Zoomer X ពណ៌ត្រួយចេកលាយពណ៌ខ្មៅ គ្មានផ្លាកលេខចំនួន០១គ្រឿង ។ លុះដល់វេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ប្រាប់ថា ម៉ូតូដែលពួកគេខ្ចីបានយកទៅដាក់បញ្ចាំឱ្យជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចផ្សារដើមពុទ្រា ក្នុងក្រុងប៉ោយប៉ែត។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហកាជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្វែងរកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២០ ចំនួន០១គ្រឿងដែលជនសង្ស័យបានយកទៅបញ្ចាំ ហើយអ្នកដែលបញ្ចាំបានយកម៉ូតូនោះទៅទុកចោលនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកអ្នកបញ្ចាំបន្ត រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សុខ គិមសង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ ហើយនាំមកកាន់មូលដ្ឋានប៉ោយប៉ែត ប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ ចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)ទាំង៣នាក់។ 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយសួរនាំរួច ពិនិត្យឃើញថាពិតជាមានការស៊ីចង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print