ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្តដឹកសត្វជ្រូក អត់ច្បាប់២គ្រឿង សរុប៥២ក្បាលដែល នាំចូលមកពីប្រទេសវៀតណាមតាមច្រករបៀង។
យោងតាមមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងបានអោយដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ២គ្រឿង ។
ប្រភពបន្តថា នៅវេលាម៉ោង៩និង១៥នាទីយប់ ក្រុមការងារបានឃាត់រថយន្ត១គ្រឿងម៉ាក SSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន២៤ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និងនៅវេលាម៉ោង១០ និង៣៥នាទីយប់ ក្រុមការងារបានឃាត់រថយន្ត១គ្រឿងទៀតម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន២៨ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
រថយន្តទាំង២គ្រឿង ខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាមតាមច្រករបៀងស្រុករមាសហែកខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងបានបន្ថែមថា ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តតាមច្បាប់៕ ដោយសុថាន










