Update៖ ជិត ៦០០ នាក់ស្លាប់ និង ២៥០០ នាក់បាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗដូចរលកយក្សស៊ូណាមិ នៅប្រទេសនេប៉ាល់

ចែករំលែក៖

ទឹកជំនន់ភ្លាមៗដ៏សាហាវនៅតាមព្រំដែននេប៉ាល់-ចិន បានសម្លាប់មនុស្សជិត ៦០០ នាក់ បាត់ខ្លួន ២៥០០នាក់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សប្រហែល ៩៣.០០០ នាក់។
យោងតាមស្ថិតិពីអាជ្ញាធរនេប៉ាល់ និងចិន គិតត្រឹមចុងថ្ងៃទី ២៨ ខែសីហា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅតាមព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត ៦០០ នាក់ រួមទាំង ៥៧៩ នាក់នៅខាងនេប៉ាល់ និង ៧ នាក់នៅខាងចិន។ ទន្ទឹមនឹងនេះ មនុស្សប្រហែល ២៥០០ នាក់នៅតែបាត់ខ្លួន រួមទាំងជនបរទេសរាប់រយនាក់ដែលកំពុងស្ថិតនៅក្នុងតំបន់នោះសម្រាប់ការងារឡើងភ្នំ ឬធ្វើធម្មយាត្រាទៅកាន់ភ្នំពិសិដ្ឋ។
កាកបាទក្រហមបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩៣.០០០ នាក់អាចរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗនៅថ្ងៃទី ២៦ ខែសីហា នៅតំបន់ព្រំដែននេប៉ាល់-ចិន។
សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) មានការព្រួយបារម្ភថាចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ខណៈដែលតំបន់ជាច្រើនដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅតែឯកោទាំងស្រុង បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងបានបំផ្លាញផ្លូវថ្នល់ និងស្ពាន។
លោក David Fisher តំណាង IFRC ប្រចាំប្រទេសនេប៉ាល់ បានមានប្រសាសន៍ថា “ការខាតបង់ពីគ្រោះមហន្តរាយនេះគឺធំធេងណាស់។ ផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញទាំងស្រុង ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ យើងប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស 93,000 នាក់បានរងផលប៉ះពាល់ និងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ ចំនួនអ្នកស្លាប់បច្ចុប្បន្នគឺខ្ពស់ណាស់ ហើយទំនងជានឹងកើនឡើងបន្ថែមទៀត”។
គ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃទី 26 ខែសីហា បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយនៅតំបន់ហិម៉ាឡៃយ៉ាបានបាក់ និងដួលរលំចូលទៅក្នុងជ្រលងភ្នំមួយនៅក្នុងឧទ្យានជាតិ Langtang របស់ប្រទេសនេប៉ាល់។
ហេតុការណ៍នេះបានបង្កឱ្យមាន “រលកយក្សស៊ូណាមិ” ដ៏ធំសម្បើមនៃភក់ ថ្ម ទឹក និងទឹកកក ដែលបានហូរចុះតាមដងទន្លេ អូរ និងជ្រលងភ្នំ ធ្វើឱ្យភូមិជាច្រើនរាបស្មើ និងបំផ្លាញរោងចក្រថាមពល ផ្លូវថ្នល់ និងស្ពាន៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print