ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កាលពីថ្ងៃទី២៦,២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌបានចំនួន ០២ករណីរួមមាន ៖
១/អំពើរំលោភលើទំនុកចិត្ត(ខ្ចីសុីដាច់ម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់
-នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១៥នាទី ស្ថិតនៅក្នុងភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីរំលោភលើទំនុកចិត្តមួយកើតឡើងបង្កដោយជនសង្ស័យ១នាក់ ឈ្មោះ រ៉ា បានខ្ចីម៉ូតូ១គ្រឿងម៉ាកHONDA Scoooy ពណ៌ប្រផេះ ពីជនរងគ្រោះ ឈ្មោះ បូរី សុផារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរនៅផ្ទះ)ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបាន បណ្តឹង ផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ លុះមកដល់វេលាម៉ោង ១៩ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ១នាក់ខាងលើរួមទាំងវត្ថុតាង នៅចំណុចបុរីរុងរឿង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
+អត្តសញ្ញាណជនសង្ស័យ
ឈ្មោះ ធឿន វិច្ជិរ៉ា ភេទប្រុសអាយុ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិ ព្រែកឡុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
+វត្តុតាងដកហូតរួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក់Scoopyពណ៌ប្រផេះ សេរី2026 គ្មានពាក់ផ្លាកលេខ
-លេខតួរ KI110k8234465
-លេខម៉ាសុីនKI110k8234465(ជារបស់ជនរងគ្រោះ) ។
២/អំពើលួចម៉ូតូ (មានស្ថានទម្ងន់ទោសកាច់បំបែកសោករម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ។
កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតនៅក្នុងភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យ ១នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់បំបែកសោករម៉ូតូ១គ្រឿងម៉ាកHONDA DREM ពណ៌ខ្មៅ សេរីឆ្នាំ2026 ពាក់ផ្លាកលេខ ភ្នំពេញ 1MT.8459 រួចយកទៅបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មាន ផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ១នាក់រួមទាំងវត្ថុតាងនៅចំណុចចំការដូងប្រេង ក្នុងឃុំតានៃ។
+អត្តសញ្ញាណជនសង្ស័យ៖
ឈ្មោះ អួន វីរៈ (ហៅភ័ស ) ភេទប្រុស អាយុ៤៤ឆ្នាំ (មុខរបរមិនពិតប្រាកដ)ស្រុកកំណើតភូមិស្ពានថ្ម ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ស្នាក់នៅភូមិ បឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
+វត្តុតាងដកហូតរួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក HONDA DREM ពណ៌ខ្មៅ សេរី2026 ពាក់ស្លាកលេខ ភ្នំពេញ 1MT.8459
-លេខតួរND125NE0482571
-លេខម៉ាសុីនND125MDT-048257 (ផលអំពើលួច) ។
+ឧបករណ៍ និងសម្ភារៈ
របស់ជនសង្ស័យរួមមាន៖
-សោកាច់ចំនួន ៣គ្រាប់
-កូនសោម៉ូតូចំនួន ២គ្រាប់
-សោស៊ាអក្សLលេខ8 ចំនួន ១ដើម
-តួណឺវីសចំនួន ១ដើម
-ដង្កាប់ចំនួន ១ដើម
-ដុយសម្រាប់តភ្លើងចំនួន ២គ្រាប់
-ផ្លាក់លេខចំនួន ១សន្លឹក
លេខភ្នំពេញ1GM.4391
-ទូរស័ព្ទចំនួន ២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅការយាល័យព្រហ្មទណ្ឌដើម្បីបន្តតាមនីតិវិធីច្បាប់ ចំពោះសម្ភារៈបាត់បង់ ដោយបានការអនុញ្ញាតពីតំណាងអយ្យការ គឺបានប្រគល់ជូនជនរងគ្រោះវិញ។
កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់សោម នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានកាន់តែល្អប្រសើរ ៕
ដោយ៖ សុរិយា










