ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕
ដោយ ៖ សិលា











