រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ! 

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។

 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងច្បាស់នៅក្នុងពិធីបើសន្និសីទអន្តរជាតិប្រធានសភានៃអន្តរភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ថៃបានប្រើប្រាស់បញ្ហា online scams ជាលេសសម្រាប់ការឈ្លានពាន និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ សម្តេចបានព្រមានថា ការយកបទល្មើសឆ្លងដែនដូចជា online scams មកធ្វើជាលេសសម្រាប់ការកាន់កាប់ទឹកដីរបស់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់មួយនៃ «សង្គ្រាមទំនើប»។

 

យោធាថៃបានវាយប្រហារដោយការទម្លាក់គ្រាប់បែកមកលើសំណងស៊ីវិលនៅតំបន់អូរស្មាច់ និងច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ថ្មដានៅខេត្តពោធិ៍សាត់ដោយចោទថាជាតំបន់យោធា ប៉ុន្តែធាតុពិតគឺជាសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនប៉ុណ្ណោះ។

 

សម្តេចតេជោក៏បានរំលេចពីគ្រោះថ្នាក់នៃ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ដែលជាការផ្លាស់ប្តូរស្ថានភាពនៅលើដីបន្តិចម្តងៗ ដើម្បីបម្រើមហិច្ឆតាទឹកដី និងបង្កើត fait accompli មុននឹងព្យាយាមបម្លែងស្ថានភាពដែលបង្កើតដោយកម្លាំងនោះទៅជាអំណះអំណាងនយោបាយនៅពេលក្រោយ។

 

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការកាប់យកទឹកដីដោយខុសច្បាប់ រួមមានការបន្តវត្តមានកងទ័ព ការរាយលួសបន្លា ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មីនៅលើដី មុនការងារវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

 

ដូច្នេះ បើថៃអះអាងថា online scams និងជម្លោះប្រដាប់អាវុធជារឿងពីរដាច់ដោយឡែកពីគ្នា មានសំណួរមួយដែលថៃត្រូវឆ្លើយ៖ បើ scam មិនមែនជាលេស ហេតុអ្វីបានជាទីតាំងដែលថៃអះអាងថាពាក់ព័ន្ធនឹង scam ត្រូវបានយកមកភ្ជាប់ជាមួយប្រតិបត្តិការយោធារបស់ថៃលើទឹកដីកម្ពុជាក្នុងអំឡុងជម្លោះ? ហើយហេតុអ្វីក្រោយការប្រើកម្លាំង លទ្ធផលបែរជាបន្តទៅជាការគ្រប់គ្រងដី អគារ ការរាយលួសបន្លា ដាក់ទូកុងតឺន័រ និងការបង្កើតស្ថានភាពថ្មីនៅលើដី?

 

បើគោលដៅគឺ online scams ហេតុអ្វីលទ្ធផលបែរជាក្លាយជាបញ្ហាទឹកដី? Online scams ជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធ្ងន់ធ្ងរ ហើយកម្ពុជាមិនបានបដិសេធបញ្ហានេះឡើយ។ កម្ពុជាបានខិតខំបន្តបង្ក្រាបបទល្មើសនេះយ៉ាងម៉ឺងម៉ាត់បំផុតហើយលទ្ធផលគឺទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាជាង ៧០០ ត្រូវបានបោសសម្អាត និងបន្តបង្ក្រាបបណ្តាញដែលនៅសេសសល់។ ឧក្រិដ្ឋកម្មត្រូវប្រយុទ្ធដោយការស៊ើបអង្កេត ការចាប់ខ្លួន ការបង្កកទ្រព្យសម្បត្តិ ការបត្យាប័ន ការសង្គ្រោះជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

 

online scams មិនមែនជាអភ័យឯកសិទ្ធិដែលអនុញ្ញាតសម្រាប់ប្រើកម្លាំងយោធា។ វាមិនអាចផ្តល់សិទ្ធិឱ្យរដ្ឋមួយឆ្លងព្រំដែន ប្រើកម្លាំង ឬបង្កើតការគ្រប់គ្រងទឹកដីថ្មីលើរដ្ឋមួយទៀតបានឡើយ។ កាន់តែសំខាន់ ថៃមិនអាចបង្ហាញខ្លួនឯងដូចជាស្ថិតនៅក្រៅបញ្ហា cyber scams និងការជួញដូរមនុស្សក្នុងតំបន់ ហើយចង្អុលម្រាមដៃមកកម្ពុជាតែម្នាក់ឯងបានទេ។

 

ឯកសាររបស់អង្គការសហប្រជាជាតិបានបង្ហាញថា cyber scam operations និងការជួញដូរមនុស្សជាបញ្ហាឆ្លងដែនដែលពាក់ព័ន្ធនឹងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ ឯកសាររបស់អ្នកជំនាញអង្គការសហប្រជាជាតិក៏បានកត់ត្រាថា cyber scam compounds ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ខណៈថៃក៏ត្រូវបានរាយការណ៍ថាកំពុងក្លាយជាមជ្ឈមណ្ឌលកាន់តែសំខាន់មួយសម្រាប់ការជួញដូរមនុស្ស។

 

UNODC ក៏បានបង្ហាញពីតួនាទីរបស់ថៃនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការផ្លាស់ទីមនុស្ស សម្ភារៈ និងមូលនិធិរបស់បណ្តាញឧក្រិដ្ឋកម្ម។ អង្គហេតុទាំងនេះមិនមែនដើម្បីនិយាយថា ថៃជាអ្នកទទួលខុសត្រូវចំពោះ scam ទាំងអស់នោះទេ។ វាបង្ហាញចំណុចសាមញ្ញមួយថា៖ online scams គឺជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងឡើយ។

 

ដូច្នេះ មុននឹងយកបញ្ហា scam មកធ្វើជាឧបករណ៍ចោទប្រកាន់ប្រទេសជិតខាង ថៃគួរបង្ក្រាប និងលាងសម្អាតបញ្ហា scam និងការជួញដូរមនុស្សនៅក្នុងប្រព័ន្ធរបស់ខ្លួនឯងឱ្យបានជ្រះជាមុនសិន។ ការចង្អុលម្រាមដៃទៅអ្នកដទៃ មិនអាចលាងបញ្ហានៅក្នុងផ្ទះខ្លួនឯងឱ្យបាត់បានឡើយ។

...

 

កម្ពុជាមិនការពារ online scams ទេ។ កម្ពុជាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍ដែលថា ខ្សែព្រំដែនមិនអាចកែប្រែដោយកម្លាំងបានឡើយ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print