ខេត្តកណ្តាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យបាន ជ្រាបថា កាលពីពេលថ្មីៗ ជាបន្តបន្ទាប់កន្លងមកនេះ មានការចុះផ្សាយតាមបណ្តាញសង្គម មួយចំនួនអំពីករណីស្លាប់កុមារ ក្នុងគ្លីនិក នៅក្នុងស្រុកកៀនស្វាយ ម្ចាស់គ្លីនិកផ្តល់សំណង៩ ០០០ដុល្លារ និងចូលបុណ្យចំនួន២លានរៀលបន្ថែមទៀត។
អំពីករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចាត់មន្ត្រីជំនាញដើម្បីចុះអង្កេតស្រាវជ្រាវ និងបានរៀបចំកិច្ច ប្រជុំក្រុមការងារបច្ចេកទេស ដែលមានការចូលរួមពីសមាសភាពដែលពាក់ព័ន្ធ ទទួលបានលទ្ធផល ដូចខាងក្រោម៖
១. កុមារារងគ្រោះមានឈ្មោះ សុគន្ធ វីរៈ អាយុ២ឆ្នាំ ៩ខែ បានចូលមកទទួលការព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អន ភារម្យ ដែលមានទីតាំងស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៦:៣០នាទីព្រឹក ដោយអាការៈ ក្តៅខ្លួន និងហៀរសំបោរ និងត្រូវបានបញ្ជាក់ថាស្លាប់នៅម៉ោងប្រហែល៨ព្រឹក ដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកកៀនស្វាយ។
២. បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អន ភារម្យ ដំណើរការដោយមានវិញ្ញាបនបត្រអនុញ្ញាតពីរដ្ឋបាលស្រុកកៀនស្វាយ។ ចំពោះលោកវេជ្ជបណ្ឌិត អន ភារម្យ ដែលជាម្ចាស់ទីតាំងមានអាជ្ញាបណ្ណពីក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងមាន សុពលភាពដល់ឆ្នាំ២០២៨ ។ ក្នុងពេលកុមារារងគ្រោះមកទទួលសេវា លោកមិនមានវត្តមាននៅទីតាំងឡើយ ដោយ ជាប់ប្រចាំការនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
៣. ចំពោះគិលានុបដ្ឋាកបឋមប្រចាំការ ជាប្រពន្ធលោក អន ភារម្យ ដែលបានព្យួរសេរ៉ូម និងចាក់ថ្នាំគឺបានធ្វើតាមការណែនាំ របស់លោកវេជ្ជបណ្ឌិតជាស្វាមី។
៤. ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកកៀនស្វាយ ម៉ោងប្រហែល៨:០០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ ក្រុម គ្រូពេទ្យ បានពិនិត្យតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ ដោយកុមារានោះបានបាត់បង់ស្មារតី គ្មានចង្វាក់ដង្ហើម គ្មាន ចលនាបេះដូង និងជីពចរចាប់មិនបាន ដែលបញ្ជាក់ថាកុមារា សុគន្ធ វីរៈ បានស្លាប់បាត់បង់ជីវិត (Mourrant Entrant) ។
៥. កុមារាឈ្មោះ សុគន្ធ វីរៈ អាយុ២ឆ្នាំ ៩ខែ អាចស្លាប់ដោយសារប្រតិកម្មថ្នាំ (Choc Anaphylactique)។ បច្ចុប្បន្នទីតាំងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺខាងលើ ត្រូវបានបិទជាបណ្តោះអាសន្នដោយ មានការ ចូលរួមពីតំណាងម្ចាស់ផ្ទះ អាជ្ញាធរភូមិឃុំ និងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សម្រាប់វិធានការផ្សេងៗ បន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនឹងជម្រាបជូននៅពេលក្រោយ។
ចំពោះការចុះផ្សាយតាមបណ្តាញសង្គម អំពីករណីម្ចាស់គ្លីនិកផ្តល់សំណង ៩ ០០០ដុល្លារ និងចូលបុណ្យ សព ចំនួន២លានរៀលបន្ថែមទៀត មន្ទីរសុខាភិបាលមិនមានសមត្ថកិច្ចក្នុងការបំភ្លឺទេ៕
ដោយ៖តារា










