ភ្នំពេញ៖ ជួនចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់មិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិ អំពីជោគជ័យនៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម Kim Kyung-Hyup អគ្គនាយក នៃទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារពលរដ្ឋកូរ៉េនៅបរទេស បានដឹកនាំប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។
ក្នុងជំនួបនោះ ភាគីកូរ៉េបានបង្ហាញក្ដីត្រេកអរចំពោះការសម្រេចបានលទ្ធផលយ៉ាងលឿនរហ័ស ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រវាងស្ថាប័នមានសមត្ថកិច្ចកូរ៉េ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមឯកឧត្តម Kim Kyung-Hyup ករណីពលរដ្ឋកូរ៉េរងគ្រោះ និងរាយការណ៍សុំកិច្ចអន្តរាគមន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថយចុះដល់ទៅជាង៩០ភាគរយ ធៀបនឹងស្ថានភាពមុនពេលភាគីទាំងពីរបង្កើតយន្តការរួម។
ក្នុងទឹកមុខញញឹមរីករាយ និងកាយវិការរស់រវើក ឯកឧត្តម Kim Kyung-Hyup បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតក្នុងអត្ថន័យដើមថា “កាលពីឆ្នាំមុន យើងមានកង្វល់ អំពីករណីស្កេមជាប់ពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។ ពេលយើងលើកកង្វល់នេះ ជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា យើងក៏ទទួលបានការយកចិត្តទុកដាក់ និងខិតខំសហការដោះស្រាយភ្លាមៗ តាមរយៈការបង្កើតក្រុមការងាររួម កម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ជាតួអង្គធ្វើការរួមគ្នា”។
ឯកឧត្តមមានប្រសាសន៍ទៀតថា គិតត្រឹមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតិជនរងគ្រោះជាពលរដ្ឋកូរ៉េដែលបានរាយការណ៍ និងសុំជំនួយ បានថយចុះយ៉ាងគំហុក ហើយថាលទ្ធផលនេះ បានញ៉ាំងឱ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ថ្លែងសរសើរមិនដាច់ពីមាត់ ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ជាទម្ងន់សច្ចធម៌មួយទៀត បន្ទាប់ពីអ្នកតំណាងរាស្ត្រកូរ៉េបានថ្លែងក្នុងសភារួចហើយថា ស្ថានភាពប្រទេសកម្ពុជា មិនអាក្រក់ដូចការផ្សព្វផ្សាយនោះឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណភាគីកូរ៉េ ទាំងការវាយតម្លៃប្រកបដោយសច្ចធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាពិសេសការផ្ដល់ទំនុកចិត្តតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីការទទួលស្គាល់ការពិត និងការប្ដេជ្ញាចិត្តដឹកនាំអនុវត្តយ៉ាងដាច់ខាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនប្រតិភូកូរ៉េថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់បំផុតលើសុខសុវត្ថិភាពគ្រប់ជនបរទេស រួមទាំងពលរដ្ឋកូរ៉េ និងថាសម្រាប់ករណីអនឡាញស្កេម ទន្ទឹមគ្នានឹងការសង្គ្រោះ សមត្ថកិច្ចកម្ពុជាបានអនុវត្តច្បាប់ដោយគ្មានការរើសអើង ជាអាទិ៍ចាប់បញ្ជូនទៅតុលាការ និងបណ្ដេញចេញពីប្រទេស ជាក់ស្ដែងជាងមួយឆ្នាំមកនេះ មានជនបរទេសស្ម័គ្រចិត្ត និងបណ្ដេញចេញ សរុបជាង៤០ម៉ឺននាក់ហើយ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុក កិច្ចសហការក្នុងយន្តការក្រុមការងាររួម រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា-កូរ៉េ ថាជាយន្តការប្រវត្តិសាស្ត្រថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពដែលពិភពលោក បានហើយកំពុងប្រឈមនឹងបទល្មើសសកលជាច្រើន រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមក៏បានបង្ហាញក្ដីជឿជាក់ថា ភាគីកូរ៉េនឹងបន្តគាំទ្រ ហើយចូលរួមសកម្ម ក្នុងសន្និសីទអន្តរជាតិ ដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៅខែកញ្ញាខាងមុខនេះ។
តាមរយៈលទ្ធផលកម្ពុជាសម្រេចបានជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េផ្ទាល់នេះ ឯកឧត្តម Kim Kyung-Hyup បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាឆាប់ៗខាងមុខនេះ កម្ពុជានឹងបានឃើញកំណើនប្រជាជនកូរ៉េ ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ មកលេងកម្សាន្ត និងបណ្ដាក់ទុន ក្នុងនោះឯកឧត្តមផ្ទាល់ រួមទាំងប្រតិភូកូរ៉េ នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងសក្ដានុពលរបស់កម្ពុជា៕
ដោយ៖ សិលា










