ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៤ នាក់ ទៅតុលាការនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងការិយាល័យជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបនៅចំណុចផ្លូវលំ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ៖ ១.ឈ្មោះ ផន សំហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ ២.ឈ្មោះ គៀប ឡៃហេង ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ និងដកបានវត្ថុតាងក្បាលផតខេ (POD K) ចំនួន ០៥កញ្ចប់ វេចខ្ចប់រួច និងទូរសព្ទ័ដៃចំនួន ១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីសួរចម្លើយជនសង្ស័យខាងលេីរួចមក កម្លាំងជំនាញបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀតក្នុងនោះស្រី ១នាក់ ៖ ១.ឈ្មោះ POMARIO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ២.ឈ្មោះ ឆាយ សិលា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមួយនឹងការឃាត់ជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន៖
-ទូរសព្ទ័ដៃចំនួន ០១គ្រឿង
-ក្បាលផតខេ (POD K) ដែលវេចខ្ចប់រួចចំនួន ១៥កញ្ចប់
-ក្បាលផតខេ (POD K) ដែលមិនទាន់វេចខ្ចប់គ្មានទឹកចំនួន ១៥ក្បាល
-ម៉ាស៊ីនផតខេ(POD K) ចំនួន ២ដេីម
-សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន៕
ដោយ៖ សុរិយា










