ហង្សក្រហម Liverpool ទិញយកខ្សែប្រយុទ្ធបារាំង Barcola ពី PSGក្នុងតម្លៃ១៦២លានដុល្លារ

ចែករំលែក៖

ក្លិប Liverpool បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង Bradley Barcola ពីក្លិបជើងឯកអឺរ៉ុប Paris Saint-Germain (PSG) ក្នុងកិច្ចសន្យារយៈពេលវែង ក្លិប Premier League បានប្រកាសកាលពីថ្ងៃចន្ទ។

 

សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងកញ្ចប់តម្លៃសរុបប្រមាណ ១២០លានផោន (១៦២លានដុល្លារ)។

 

Barcola បានប្រាប់គេហទំព័ររបស់ Liverpool ថា៖ «វាបានចំណាយពេលយូរ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចលេងឱ្យ Liverpool។ អ្វីដែលខ្ញុំចង់បាន គឺចូលទីលាន និងអាចលេងបាល់»។

 

Barcola គឺជាផលិតផលពីសាលាបាល់ទាត់យុវជនរបស់ Olympique Lyonnais។ រូបគេជាសមាជិកក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ហើយត្រូវបានគេស្គាល់ថាមានល្បឿនលឿន និងជំនាញញាក់បាល់ដ៏ល្អ។

 

Barcola បានផ្លាស់ទៅ PSG ក្នុងឆ្នាំ 2023 ក្នុងតម្លៃប្រមាណ ៤៥លានអឺរ៉ូ (៥២លានដុល្លារ)។

 

ក្នុងរយៈពេលនៅ PSG គេបានបង្ហាញខ្លួន ១៥២ប្រកួត ស៊ុតបាន ៣៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៣៧លើក។ គេក៏បានជួយ PSG ឈ្នះពាន Champions League ពីររដូវកាលជាប់គ្នា, Ligue 1 ចំនួន៣លើក និង French Cup ចំនួន២លើក។

 

Barcola នៅសល់កិច្ចសន្យា ២ឆ្នាំទៀតជាមួយ PSG ប៉ុន្តែគេប្រឈមនឹងការប្រកួតប្រជែងខ្លាំងសម្រាប់តំណែងជម្រើសដំបូង ក្នុងតំបន់ប្រយុទ្ធដែលមានកីឡាករដូចជា Ousmane Dembele ម្ចាស់ពាន Ballon d’Or ឆ្នាំ 2025, Khvicha Kvaratskhelia, Desire Doue និង Ferran Torres។

 

Barcola បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថានឹងអាចសម្រេចបានរឿងធំៗជាច្រើន។ ជាដំបូង ខ្ញុំចង់ឈ្នះ Premier League ព្រោះវាជាក្តីសុបិនដ៏ធំបំផុតមួយក្នុងជីវិតរបស់ខ្ញុំ»។

 

កីឡាករថ្មីម្នាក់ទៀត

 

ក្រុមរបស់អ្នកចាត់ការថ្មី Andoni Iraola ក៏ត្រូវបានពង្រឹងបន្ថែមជាមួយការមកដល់របស់ខ្សែការពារជម្រើសជាតិអ៊ុយរុយហ្គាយ Ronald Araujo ក្នុងលក្ខខណ្ឌខ្ចីជើង ខ្សែការពារកណ្តាលបារាំង Jeremy Jacquet និងខ្សែប្រយុទ្ធអេស្ប៉ាញ Victor Munoz។

 

ជម្រើសខ្សែប្រយុទ្ធរបស់ Liverpool រួមមានកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស Alexander Isak, Hugo Ekitike, Cody Gakpo, Rio Ngumoha និង Munoz។

 

ក្លិបមកពីតំបន់ Merseyside បានបញ្ចប់រដូវកាលមុននៅ ចំណាត់ថ្នាក់ទី៥ក្នុង Premier League ទោះបីបានចំណាយប្រមាណ ៤០០លានផោន លើការទិញកីឡាករថ្មីក៏ដោយ។

 

Liverpool បានបញ្ចប់ការងារជាមួយអ្នកចាត់ការ Arne Slot ហើយតែងតាំងអតីតអ្នកចាត់ការ Bournemouth លោក Iraola ដើម្បីព្យាយាមស្តារក្រុមឱ្យត្រឡប់មករកភាពជោគជ័យវិញ។

...

 

Liverpool បានត្រឹមស្មើ 2-2 ជាមួយ Nottingham Forest កាលពីចុងសប្តាហ៍ ហើយនឹងធ្វើដំណើរទៅជួប Ipswich Town នៅថ្ងៃសុក្រ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print