បញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងចុះត្រួតពិនិត្យរដ្ឋបាលចំហនៅបុរី អ៊ែល តារា ចំនួន ០៤ ទីតាំងនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងចុះត្រួតពិនិត្យរដ្ឋបាលចំហនៅបុរី អ៊ែល តារា ចំនួន ០៤ ទីតាំងនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាលនៃគណៈអភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅបុរី អ៊ែល តារា ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអធិការរងនគរបាលក្រុង លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកនាយករងរដ្ឋបាលក្រុង មេភូមិបាវិតកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងបង្ការបង្ក្រាបបទល្មើសផ្សេងៗរបស់ខេត្តប្រចាំក្រុងបាវិត។

ប្រភពបន្តថា ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យរដ្ឋបាលចំហសរុបចំនួន ០៤ ទីតាំង ដោយបានរកឃើញជនបរទេសសរុបចំនួន ០៩នាក់ (ស្រី ០១ នាក់) ស្មើនឹង ០២សញ្ជាតិ គឺជនជាតិវៀតណាម ០៨នាក់ (ស្រី ០១ នាក់) និងជនជាតិឥណ្ឌូនេស៊ី ០១ នាក់ (ប្រុស)។ ក្នុងចំណោមជនបរទេសទាំងនោះ មានលិខិតឆ្លងដែនត្រឹមត្រូវចំនួន ០៧ នាក់ (ស្រី ០១ នាក់) និងគ្មានលិខិតឆ្លងដែនចំនួន ០២ នាក់ (ប្រុស)។

ទីតាំងទី១ របស់ម្ចាស់ផ្ទះឈ្មោះ គង់ តាយ (ភេទប្រុស ជនជាតិខ្មែរ) ពុំមានជនបរទេសស្នាក់នៅឡើយ ប៉ុន្តែសមត្ថកិច្ចបានរកឃើញឧបករណ៍អេឡិចត្រូនិចមួយចំនួនធំ ដែលសង្ស័យពាក់ព័ន្ធនឹងទំនិញគេចពន្ធ ហើយក្រុមការងារបានសម្រេចបិទស៊ែលទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំសមត្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យបន្ត។

ទីតាំងទី២ របស់ម្ចាស់ផ្ទះឈ្មោះ អ៊ន់ លី (ភេទស្រី ជនជាតិខ្មែរ) រកឃើញជនជាតិវៀតណាមស្នាក់នៅចំនួន ០៨ នាក់ (ស្រី ០១ នាក់) ដោយមានលិខិតឆ្លងដែន ០៦ នាក់ និងគ្មានលិខិតឆ្លងដែន ០២ នាក់។ ចំពោះជនជាតិវៀតណាម ០២ នាក់ដែលគ្មានលិខិតឆ្លងដែន ត្រូវ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបន្តនីតិវិធី ហើយទីតាំងនេះពុំមានពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឡើយ។

ទីតាំងទី៣ របស់ម្ចាស់ផ្ទះឈ្មោះ គង់ ចន្ថា (ភេទស្រី ជនជាតិខ្មែរ) គឺពុំមានជនបរទេសស្នាក់នៅនោះទេ និងទីតាំងទី៤ របស់ម្ចាស់ផ្ទះឈ្មោះ កុយ កន (ភេទប្រុស ជនជាតិខ្មែរ) បានរកឃើញជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ០១ នាក់ (ប្រុស) ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើស Online Scam ឡើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print