សារព័ត៌មាន Reuters បានផ្សាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដោយអញ្ជើញរុស្ស៉ីឱ្យចូលរួមកិច្ចប្រជុំនៃបណ្ដាប្រទេស G20 កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈមិនអនុញ្ញាតឱ្យអ្នកកាសែតមួយចំនួនចូលរួមក្នុងកិច្ចប្រជុំនេះបានធ្វើឱ្យក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរមានការខកចិត្ត និងមិនពេញចិត្តជាខ្លាំង។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 មានរយៈពេល២ថ្ងៃ រៀបចំឡើងក្នុងទីក្រុង Asheville រដ្ឋ North Carolina សហរដ្ឋអាមេរិក កើតមានឡើងចំពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់។ នៅពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបមានការភ្ញាក់ផ្អើលផង ខកចិត្តផង និងមិនពេញចិត្តជាខ្លាំងដែលបានឃើញរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov មានវត្តមានអង្គុយនៅតុប្រជុំ G20 ហើយនេះជាលើកដំបូងដែលមន្ត្រីរុស្ស៉ីមានវត្តមាន ដោយផ្ទាល់ក្នុងកិច្ចប្រជុំធំបែបនេះចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២។
រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ូឡូញ លោក Andrzej Domanski បានប្រាប់ Reuters ថាលោកមិនសប្បាយចិត្តទាល់តែសោះដែលបានឃើញវត្តមានមន្ត្រីរុស្ស៉ីក្នុងកិច្ចប្រជុំ បើទោះជាលោកទទួលស្គាល់ថាប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 មានសិទ្ធិអញ្ជើញប្រទេសជាភ្ញៀវណាមួយឱ្យចូលរួមក៏ដោយ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil ក៏បានកត់សម្គាល់ដែរថាអឺរ៉ុបបានត្រៀមកញ្ចប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី ប៉ុន្តែវត្តមានរបស់លោក Siluanov នៅឯកិច្ចប្រជុំក្នុងទីក្រុង Asheville គឺជាការឱ្យសញ្ញាដ៏ខកចិត្តមួយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក លើកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មរុស្ស៉ី។
បើតាមក្រសួងហិរញ្ញវត្ថុរុស្ស៉ី លោក Siluanov ក៏បានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោក Bessent ដើម្បីពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌ G20។ ចំណែកមន្ត្រីអាមេរិកម្នាក់បាននិយាយថាការផ្តោតសំខាន់នៃជំនួបទ្វេភាគីនេះគឺផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់អ៊ុយក្រែន៕

រូបថត: AFP









