សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦បានគំរាមថានឹងវាយប្រហារបន្ថែមទៀតលើអ៉ីរ៉ង់ បន្ទាប់ពីផ្ទុះការវាយប្រហារសងសឹកដាក់គ្នាសាជាថ្មីជាលើកដំបូង ក្នុងរយៈពេលមួយខែមកនេះដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះមួយដែលកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
អ៉ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម្សិលមិញ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិកលើកោះ Larak របស់អ៉ីរ៉ង់ ជាទីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថាខ្លួនបានបើកការវាយប្រហារលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចំនួន ២គ្រឿង ដែលអ៉ីរ៉ង់ប្រើប្រាស់ក្នុងការបាញ់គ្រាប់មីនចូលទៅ ក្នុងតំបន់ច្រកសមុទ្រ Hormuz។ ទាំងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់មិនបានបង្ហាញពីចេតនាវិលត្រឡប់ទៅរកការធ្វើសង្រ្គាមទ្រង់ទ្រាយធំនោះទេ តែបានបង្ហាញថាពួកគេបានត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតបក្នុងករណីមានការវាយប្រហារណាមួយកើតឡើងជាថ្មី។
អ្នកសារព័ត៌មាន Fox News ម្នាក់បានស្រង់សម្ដីរបស់លោក ដូណាល់ ត្រាំ ដែលបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងក្លាបំផុត»។ ក៏ប៉ុន្តែ លោក ត្រាំ នៅឯសេតវិមានក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា ការវាយប្រហារសាជាថ្មីរបស់យោធាអាមេរិក មិនមែនជាការឱ្យសញ្ញានៃការវិលត្រឡប់ទៅរកសង្រ្គាមទ្រង់ទ្រាយធំនោះទេ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថា តើលោកបានច្រានចោលជម្រើសប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់ដែរឬក៏យ៉ាងណា? លោក ត្រាំបានឆ្លើយថាវាមិនមានហេតុផលអ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយ ពីព្រោះអ៉ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកបំបាក់ដោយយោធារួចទៅហើយ។
តាម Reuters មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បាននិយាយថា ការវាយប្រហារសងសឹកដាក់គ្នាជាលើកដំបូងចាប់តាំងពីចុងខែកក្កដាមក បានបង្កការខូចខាតតិចតួច និងមានលក្ខណៈគ្រប់គ្រងការប្រឈមមុខដាក់គ្នា ប៉ុន្តែមន្ត្រីរូបនេះបានព្រមានថា អ៉ីរ៉ង់នឹងឆ្លើយតបវិញឱ្យបានស័ក្តិសមបំផុត ក្នុងករណីមានការវាយប្រហារសាជាថ្មី៕ដោយធីរីណា

រូបថត: Reuters









