ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូ អាក្រាតកាយផ្ញើឱ្យខ្លួន។
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។ នៅពេលជនរងគ្រោះមិនទាន់មានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ










