ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចនិងវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៥ ស្ថាប័ន ស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលា- នុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ក្នុងគោលបំណងជ្រើសរើសកម្ពុជា គឺជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS)។ ជំនួបនាឱកាសនោះ ប្រព្រឹត្តទៅដោយមានការសម្របសម្រួល ពីសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិត អំពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការ បោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប។ លោកឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពី ការចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចផ្លូវការ និងមិត្តភាពប្រកបដោយផ្លែផ្កា នៅ សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាបន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ រវាងប្រទេសទាំង ពីរឱ្យកាន់តែស៊ីជម្រៅផងដែរ។ លោកបានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជារួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រម ទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាព បុរេសកម្មជាបន្តបន្ទាប់។ ឯកឧត្តមក៏បានរំលេចពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី «Open Day with DPM» ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញានេះ។ តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានអំពីបច្ចុប្បន្នភាពនៃ ប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធ សាស្ត្របន្ទាប់។
សូមបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយ មានទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។ CIIDS ផ្តោតការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍ និងការច្នៃប្រឌិត ស្វែងយល់ និងគាំទ្រដល់មាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិន ក៏ដូចជាផ្តល់នូវ ការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន៕
ដោយ៖តារា










