អន្តរជាតិ៖ បើយោងតាមទិន្នន័យផ្លូវការ បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ដ៏គំហុកភ្លាមៗ និងបំណាក់ដី នៅតំបន់ភ្នំហិមាល័យ បានកើនឡើងលើសពី ១.០០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ (ទី១ ខែកញ្ញា ឆ្នាំ២០២៦) នេះ ពោលគឺក្រោយ ១សប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារតំបន់ព្រំដែន រវាងប្រទេសនេប៉ាល់ និងចិន។
យោងតាមអាជ្ញាធរជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់នេប៉ាល់ (NDRRMA) ក្រុមស្វែងរក និងជួយសង្គ្រោះ បានបញ្ជាក់ពីអ្នកស្លាប់បន្ថែមចំនួន ៨៤នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅខាងព្រំដែននេប៉ាល់ កើនឡើងដល់ ៩៨៧នាក់ ខណៈដែលមនុស្ស ៣.៩១៦នាក់ រួមទាំងជនបរទេស ៥៨៣នាក់ នៅតែបាត់ខ្លួន។ ជាមួយគ្នានេះ បុគ្គលិកចំនួន ៦៣៩នាក់ ដែលត្រូវបានដាក់ពង្រាយនៅស្ថានីយវារីអគ្គិសនី ក៏ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួនដែរ។
ចំណែកអាជ្ញាធរចិន បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ១៦នាក់ ខណៈដែលកំពុងបន្តប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ៥៤៦នាក់ រួមទាំងជនបរទេស ២៦១នាក់ផងដែរ។
ដូច្នេះ ទិន្នន័យពីភាគីទាំង២ បានបង្ហាញថា ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ១.០០៣នាក់ ខណៈដែលមនុស្សប្រមាណជា ៤.៤៦២នាក់ រួមទាំងជនបរទេស ៨៤៤នាក់ផងដែរ នៅតែបាត់ខ្លួន។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា នៅពេលដែលផ្ទាំងទឹកកក នៅលើភ្នំ Mount Langtang Lirung របស់នេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល ៥.២០០ម៉ែត្រ ដែលបង្កឱ្យមានបំណាក់ទឹកកកលាយឡំដោយថ្ម ដោយបានបង្កើតទៅជាលំហូរកម្ទេចកម្ទីដ៏ធំ និងបានហូរយ៉ាងគំហុកក្នុងល្បឿនដ៏លឿនកាត់ជ្រលងភ្នំតាមបណ្តោយព្រំដែននេប៉ាល់-ចិន៕










