ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសបន្លំលួចម៉ូតូ ។
សូមជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តោយមហាវិថីព្រះនរោត្តម ជាប់សាលាបឋមសិក្សាសិក្សាព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយយុវតីរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនបន្លំជូនទៅមន្ទីរពេទ្យ រួចក៏បន្លំលួចយកម៉ូតូជនរងគ្រោះទៅបាត់ ។
លោកឧត្តមសេនីយ៍ឯកស្នងការ បានដាក់បញ្ជាបន្ទាន់មួយ ឲ្យកម្លាំងសមត្ថកិច្ចជំនាញផែននគរបាលព្រហ្មទណ្ឌ និងផែនការងារចរាចរណ៍ សហការជាមួយអធិការនគរបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលបន្លំលួចយកម៉ូតូ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ឱ្យខាងតែបាន ។
កំឡុងការដាក់បញ្ជា លោកស្នងការ ក៏បានសង្កត់ធ្ងន់ និងណែនាំដល់អធិការខណ្ឌទាំង១៤ ត្រូវម្ចាស់ការគ្រប់គ្រង និងស្ថានដានសភាពការសន្តិសុខ សុវត្ថិភាពឲ្យបានជាប់លាប់ក្នុងមូលដ្ឋានខ្លួន ពិសេសហេតុការណ៍ដែលបានកើតឡើងហើយ ត្រូវរកយុត្តិធម៌ត្រឹមត្រូវជូនជនរងគ្រោះឲ្យខាងតែម្តង ប្រកបដោយការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ច និងដែនដីរបស់ខ្លួន៕ដោយ៖តារា










