ខេត្តកំពង់ចាម៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។
យោងតាមទិន្នន័យលម្អិតពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនបេក្ខជនដែលប្រឡងជាប់តាមនិទ្ទេសនីមួយៗរួមមាន៖ និទ្ទេស A១០០នាក់ (ស្រី៦៣នាក់) , និទ្ទេស B ៤៩៨នាក់ (ស្រី៣៣៥នាក់) និទ្ទេស C ១,៤៦៩នាក់ (ស្រី១,០០៨នាក់) និទ្ទេស D ២,៩៣៧នាក់ (ស្រី១,៨៦៤នាក់) និទ្ទេស E ៣,០៩៨ នាក់ (ស្រី ១,៧៨៧នាក់)។
នាឱកាសនោះផងដែរ លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាល និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានតម្លាភាព។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ត្រូវបន្តខិតខំស្រាវជ្រាវ និងក្រសោបយកចំណេះដឹងបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ៖តារា










