ភ្នំពេញ៖ លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន» ជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈាន លាង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន លោក ថុង គន្ធយុឡេង ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យលោករដ្ឋមន្ត្រី រួមជាមួយក្រុមការងារលេខាធិការដ្ឋានផងដែរ។
នៅក្នុងជំនួបពិភាក្សា លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានលើកឡើងថា តាមរយៈការអង្កេតនៅទូទាំងប្រទេសដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា ថ្វីត្បិតតែប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែក៏នៅមានអ្នកចាញ់បោកការបញ្ឆោតហើយធ្លាក់ខ្លួនទៅប្រើប្រាស់ និងពាក់ព័ន្ធនឹងគ្រឿងញៀន។
ស្ថានភាពនេះឃើញថា ការផ្សព្វផ្សាយអប់រំនៅតែមានភាពចន្លោះប្រហោងទាំងក្នុងខ្លឹមសារ វិធីសាស្ត្រ ឧបករណ៍ សម្ភារ បណ្តាញផ្សព្វផ្សាយ ការកំណត់ក្រុមគោលដៅ និងការវាស់វែងប្រសិទ្ធភាពនៃការផ្សព្វផ្សាយអប់រំ។ ដូច្នេះកិច្ចប្រជុំពិភាក្សានាពេលនេះ ដើម្បីកំណត់ថាតើអ្វីដែលយើងនឹងបន្តធ្វើរួមគ្នាដូចជា ការត្រៀមរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីបណ្តាក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ សម្រាប់បទពិសោធន៍កន្លងមក កំណត់បញ្ហាប្រឈម ភាពខ្វះចន្លោះ និងស្វែងរកវិធីសាស្ត្រថ្មីៗដែលសមស្របនឹងស្ថានភាព និងការវិវត្តនៃសង្គមបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដែលយើងបានធ្វើរួមគ្នាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងតាមបែបឌីជីថល ការផលិតខ្សែវីដេអូអប់រំខ្លី សារអប់រំនានា និងការចុះយុទ្ធនាការផ្សព្វផ្សាយអប់រំតាមខេត្តគោលដៅផងដែរ។ បើទោះបីជាការងារផ្សព្វផ្សាយអប់រំត្រូវបានអនុវត្តយ៉ាងសកម្ម និងទូលំទូលាយក៏ពិតមែន ប៉ុន្តែយើងឃើញថា អ្នកដែលរងគ្រោះនៅតែមាន ជាពិសេសយុវជនដែលងាយនឹងធ្លាក់ចូលក្នុងការអូសទាញទៅប្រើប្រាស់គ្រឿងញៀន។
ក្រសួងនឹងបន្តសហការជាមួយអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយថែមទៀត ដើម្បីឱ្យការងារផ្សព្វផ្សាយអប់រំធ្វើឡើងរឹតតែចំក្រុមគោលដៅ និងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕
ដោយ៖តារា










