រាជរដ្ឋាភិបាលជំរុញឱ្យវិស័យសាឡននៅកម្ពុជាចាប់យកបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពសហគ្រិនស្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារអាជីវកម្មថែរក្សាសម្ផស្ស និងជំរុញសហគ្រិនភាពនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រង និងអភិវឌ្ឍវិស័យសាឡន ដែលជាផ្នែកមួយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែមានភាពអាជីព ទំនើបកម្ម និងមានសុវត្ថិភាពខ្ពស់ស្របតាមស្តង់ដារបច្ចេកទេស។ ការបង្ហាញវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយអាជីវកម្មសេវាកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មឌីជីថល ដែលមានការច្នៃប្រឌិតខ្ពស់។
នៅក្នុងពិធីបើកវេទិកា អ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជានេះ លោករដ្ឋមន្រ្តី ហែម វណ្ឌី បានមានប្រសាសន៍ថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យសំអាងកាយតែម្តង។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្នុងការលើកកម្ពស់សហគ្រិនភាពស្រ្តី។
ជាមួយនេះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់យុវជន ពិសេសយុវនារី ដែលស្រឡាញ់វិស័យសាឡន ត្រូវតែបន្តពង្រឹងទាំងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ ព្រោះទីផ្សារបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់ខ្លាំងនូវកម្លាំងពលកម្មជំនាញពិតប្រាកដ ដែលដើរទាន់បច្ចេកវិទ្យា។
លោកស្រី ហង់ វត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យសាឡននៅកម្ពុជា នៃក្រុមហ៊ុន«ស្នាដៃនារីខ្មែរសាឡន» បានលើកឡើងថា វេទិកាថ្ងៃនេះ បានទាក់ទាញម្ចាស់អាជីវកម្មសាឡន អ្នកជំនាញផ្នែកកែសម្ផស្ស និងសហគ្រិនស្រ្តីប្រមាណជាង ២ពាន់នាក់ មកជួបជុំគ្នា ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងការចាប់យកឱកាសថ្មីៗ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងហាង និងការកក់សេវាកម្មជាដើម។ លោកស្រី បានបន្តថា វិស័យសាឡន និងថែរក្សាសម្ផស្ស មិនមែនគ្រាន់តែជាការងារកាត់សក់ធម្មតាទៀតឡើយ ប៉ុន្តែបានក្លាយជាវិស័យសេវាកម្មដ៏ធំមួយដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ជាពិសេសជួយដល់ស្រ្តីឱ្យមានជំនាញពិត និងអាចបង្កើតសហគ្រិនភាពក្នុងស្រុកយ៉ាងរឹងមាំ។
លោកស្រី ហង់ វត្ថា បន្តថា ៖ «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ក៏បានបង្ហាញពីសមត្ថភាពរបស់នារីខ្មែរ មានការថែរក្សាសម្ផស្ស ឈានដល់លំដាប់ដែលប្រទេសជឿនលឿនខ្លះ មិនអាចធ្វើបានដូចយើង ជាពិសេសការតុបតែងសម្ផស្សបានល្អបែបទន់ភ្លន់ទាន់សម័យ ល្អជាងបរទេស ហើយតម្លៃទាបទៀតផង។ ក្នុងនោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យសាឡននៅកម្ពុជា នៃក្រុមហ៊ុន«ស្នាដៃនារីខ្មែរសាឡន» មានលោកគ្រូ អ្នកគ្រូប្រមាណជាង៤០រូប ដែលមានបទពិសោធន៍ គ្រប់ផ្នែកលើវិស័យសាឡាន បង្រៀនដល់សិស្សរាប់មុឺននាក់ ។

សូមបញ្ជាក់ផងដែរថា វិស័យសាឡន និងថែរក្សាសម្ផស្សនៅកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ជាពិសេសសម្រាប់ស្ត្រី និងយុវជន។ វេទិកាឆ្នាំ២០២៦នេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការបើកផ្លូវឱ្យម្ចាស់អាជីវកម្មទាំងអស់ ចាប់យកចំណេះដឹងថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនទៅថ្ងៃអនាគត។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យសាឡន ផ្តល់ចំណេះដឹង ជំនាញដល់ប្រជាពលរដ្ឋ គឺស្មើនឹងជួយប្រទេសជាតិ ខណៈរាជរដ្ឋាភិបាលបានយកចិត្តលើវ័យឯកជន វិស័យសាឡន សេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print