ខេត្តកណ្តាល ÷ ជនសង្ស័យដែលមានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារ០២លើក អំពីបទលួច ពេលចេញមកវិញមិនកែ នៅតែបន្តលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ PCX ) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាលើកទី០៣ កើតហេតុកាលពីវេលាម៉ោង ១១ ថ្ងៃចុងសប្តាហ៍កន្លង ទៅ ( ២៩សីហា២០២៦) នៅចំណុចភូមិលេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ត្រី ហាក់ សុធឹន នាយប៉ុស្តិ៍សនគរបាល ស្វាយរលំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់រស់នៅក្នុងភូមិ-សង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ លាប ប៊ុនឡុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិ លេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២លើក ក្នុងករណីលួច។
វត្ថុតាងចាប់យក : ម៉ូតូ០១គ្រឿងម៉ាកHONDA PCX ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1IQ-6877 ត្រូវជនសង្ស័យ កាច់ស្លាកលេខបោះចូលក្នុងស្មៅ (ជារបស់ជនរងគ្រោះរកឃើញវិញ ) -ដែកគាស់០១ដើម – មេសោ ០១ -ខ្សែលោហធាតុពណ៌ទង់ដែង០១ខ្សែ – ធ្វើឲ្យខូចខាតកាមេរ៉ាសុវត្ថិភាព០១គ្រឿង។
លោកនាយប៉ុស្តិ៍បន្តទៀតថា មុនវេលាកើតហេតុ ប្រពន្ធនិងកូនជនរងគ្រោះទៅលេងស្រុកកំណើត ឯជនរង គ្រោះក៏បានចេញទៅធ្វើការដោយទុកម៉ូតូនៅក្នុងផ្ទះ ភ្លាម ។ ស្រាប់តែជូនសង្ស័យចូលគាស់ផ្ទះកាត់សោរយកម៉ូតូ ។ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង ស្រាវជ្រាវ រហូតឈានទៅ ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព យកដែកគាស់ទៅគាស់សោរទ្វារផ្ទះរបស់ជនរងគ្រោះដើម្បីលួចយកម៉ូតូ ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
ដោយ៖ សុរិយា










