ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែករំលែកបទពិសោធន៍អំពីសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការរួមគ្នា ដើម្បីចូលរួមបង្ការជំងឺមិនឆ្លងបន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់អង្គការសុខភាពពិភព លោក លោក ឃួង ស្រេង បានផ្ដល់បទពិសោធន៏ ខណៈលោក បានអញ្ជើញធ្វើជាវាគ្មិនជាមួយ អភិបាលក្រុងដុងហ្គុសាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សាស្តីពី ផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួមអានុ ភាពនៃបណ្តាញទំនាក់ទំនង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ លោក អភិបាលត្រូវបានផ្តល់ឱកាស ដើម្បីចែករំលែកបទពិសោធន៍មួយចំនួនក្នុងនាមជាថ្នាក់ដឹកនាំនៅមូលដ្ឋាននិងជាសមាជិកបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដូចជា៖ ការជំរុញសកម្មភាពលើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាបាន នូវសុខុមាលភាពប្រជាពលរដ្ឋដែលរដ្ឋបាលរាជធានីភ្នំពេញផ្តោតការយកចិត្តទុកដាក់លើវិស័យស្នូលមួយចំនួនទន្ទឹមនឹងការលើកកម្ពស់វិស័យសុខាភិបាល ដោយក្នុង នោះរួមមាន៖ ការអប់រំការរៀបចំដែនដីនគរូបនីយកម្ម ការថែរក្សាបរិស្ថានអនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងការពង្រឹងយន្តការតាមដានជីវភាពប្រជាពលរដ្ឋចាប់តាំងពីថ្នាក់ខណ្ឌ សង្កាត់ រហូតដល់ថ្នាក់ភូមិ ដើម្បីធានាបាននូវការផ្តល់នូវតម្រូវការជូនប្រជាពលរដ្ឋដែលជូបបញ្ហាលំបាកបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ លោក អភិបាលក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមជាសមាជិករបស់បណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុងដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយភាពធន់ មានសុខុមាលភាព និងភាពសុខុដុមរមនាតាមរយៈការរៀនសូត្រពីបណ្តាទីក្រុងជឿនលឿន និងវិធីសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមកជាពិសេសគឺយន្តការក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីក្លាយជាធាតុចូលក្នុងការអនុវត្ត និងពង្រឹងគុណភាពរស់នៅជាក់ស្តែងផងដែរ។ លើសពីនេះ តាមរយៈការចូលរួមជាសមាជិករបស់បណ្តាញបាននាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញនូវវិធានការអនុវត្តដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។
លោកស្រីបានបន្តថា ក្នុងនាមជាសមាជិកកម្ពុជាដំបូងគេ នៃសម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង (AFHC) និងបណ្តាញភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង (PHC) លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញតែងតែបានប្រកាន់ខ្ជាប់នូវស្មារតីចែករំលែកបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមកនៅតាមវេទិកាសាធារណៈ ដូចជា ក្នុងកិច្ចប្រជុំថ្នាក់ជាតិកម្រិតអភិបាលរាជធានី-ខេត្ត និងការប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅថ្នាក់មូលដ្ឋាន ជូនដល់បណ្តាថ្នាក់ដឹកនាំខេត្តនានា ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំពីសំណាក់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
ដោយ៖ សំរិត










