ភ្នំពេញ÷ ករណីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្តីប្រពន្ធ០២នាក់ចូលលួចទូរស័ព្ទនៅហាងមួយកន្លែងស្ថិតក្នុងខណ្ឌបឹងកេងកង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ យកមកចាត់ការតាមផ្លូវច្បាប់ហើយ។
កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ក្រោយពីកើតហេតុគឺសមត្ថកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវអនុវត្តវិធានការណ៍ជំនាញទទួលបានលទ្ធផលបានឃាត់ខ្លួនអ្នកដែលធ្វើសកម្មភាពខុសច្បាប់ និងអនុវត្តនីតិវិធី។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១១:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោ សិស្សច្បងកាហ្វេ ផ្លូវលេខ១១៣កែង៣៧៦ ភូមិ០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧:២៥នាទី។
ជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ អេង ដាណេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ហ៊ុយ សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក Honda Dream សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១MG-២៨០២, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo A១៦ ពណ៍ខ្មៅ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក Iphone ១៤ Pro ពណ៌ស ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










