អ៊ុយក្រែន ព្រមានក្រុមហ៊ុនអាកាសចរណ៍នានា អំពីសុវត្ថិភាពហោះហើរ ដោយសារដ្រូន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បានព្រមានថា យន្តហោះដ្រូនរបស់អ៊ុយក្រែន នឹងធ្វើឱ្យដែនអាកាសរបស់រុស្ស៊ី មិនមានសុវត្ថិភាពទាំងស្រុង ដរាបណាសង្រ្គាមនៅតែបន្ត ខណៈការលើកឡើងនេះបានធ្វើឱ្យមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចោទប្រកាន់អ៊ុយក្រែនថា កំពុងប្រព្រឹត្តអំពើភេរវកម្មដោយរដ្ឋ។
អំឡុងសុន្ទរកថាប្រចាំនាពេលយប់ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ យើងចង់ព្រមាន ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី រួមជាមួយក្រុមហ៊ុនធានារ៉ាប់រងនានា និងអ្នកគ្រប់គ្នាដែលនៅតែប្រើអាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ីថា ដែនអាកាសរុស្ស៊ីកំពុងលែងមានសុត្ថិភាពទាំងស្រុង»។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនមិនមានបំណងគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិល ឬយន្តហោះដឹកអ្នកដំណើរស៊ីវិលណាមួយឡើយ។ ប៉ុន្តែវានឹងមានយន្តហោះដ្រូនជាច្រើន នៅលើដែនអាកាសរុស្ស៊ី ក្នុងកម្រិតមួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវតែគិតគូរពិចារណា។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «ដែនអាកាសដែលពោរពេញដោយដ្រូន មិនមែនជាកន្លែងសម្រាប់អាកាសចរណ៍ស៊ីវិលទេ» ហើយថា «ដែនអាកាសលើប្រទេសរុស្ស៊ីបច្ចុប្បន្ន គឺសម្រាប់ដ្រូន… ដរាបណាសង្គ្រាមនៅតែបន្ត»។
គួរបញ្ជាក់ថា ចរាចរណ៍ផ្លូវអាកាសនៅតាមអាកាសយានដ្ឋានរុស្ស៊ី ត្រូវបានរំខានជាបន្តបន្ទាប់ដោយសារ ការហោះសំដៅទៅរកដោយយន្តហោះដ្រូនអ៊ុយក្រែន ហើយចំនួនរបស់ពួកវា បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែខ្លាំង ស្របពេលកិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែជាប់គាំង ខណៈសង្រ្គាមបានអូសបន្លាយប្រមាណជា៤ឆ្នាំកន្លះមកហើយ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ឆ្លើយតបការព្រមានរបស់លោក ហ្សេលេនស្គី លោក ពូទីន បានចាត់ទុកវាជាការប្រកាសអំពើភេរវកម្មដោយរដ្ឋ។ ក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «ពួកគេកំពុងស្នើឱ្យយើងបន្តការចរចាឡើងវិញ… ប៉ុន្តែអ្នកមិនអាចចរចាជាមួយពួកភេរវករដាច់ខាត»៕

...

រូប​ថត​:tintuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print