ខេត្តកណ្ដាល÷ តាមរយៈការរាយការណ៍ ពីម្ចាស់ផ្ទះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចដែកនិងស័ង្កសី។ ករណីលួចដែក,ស័ង្កសីនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកើតឡើងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៦ វេលា ម៉ោង ១២: ១៥ នាទី ចំណុចភូមិ ឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។
ប្រភពពីសមត្ថកិច្ចនគរបាលឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុត គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរកាក្រៅ សង្កាត់ខាងក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ បុគ្គលិកក្រុមហ៊ុន។ ចំណែកជនសង្ស័យ ឈ្មោះ ម៉ូត សុខមាន ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅទំនប់ស្ទឹងតាហោរ ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកបណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យករួមមាន ៖ ដែកVចំនួន០២ដើម,ដែកជ្រុងទំហំ២០x២៥ចំនួន០៣ដើមនិងស័ង្កសីចំនួន០៤ សន្លឹក(របស់ជនរងគ្រោះ)។
ប្រភពបានបន្តទៀតថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៥០នាទី ជនសង្ស័យ បានដើរចេញពីផ្ទះនៅលើទំនប់តាហោ ដើម្បីទៅលួចដែកនិងស័ង្កសីនៅដីឡូតិ៍មួយកន្លែងដែលគេទុកចោលជារបស់ជនរងគ្រោះស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានចម្ងាយពីផ្ទះរបស់ជនសង្ស័យប្រវែង ១០០ ម៉ែត្រ ព្រោះជនសង្ស័យឃើញថា គេទុកចោលយូរណាស់មកហើយ។
លុះដល់វេលាម៉ោង ១២:១៥នាទី ពេលជនសង្ស័យដើរ មកដល់ដីឡូតិ៍របស់ជនរងគ្រោះក៏បានដើរចូលតាមច្រកទ្វាររបងបានឃើញមានស័ង្កសីចំនួន០៤សន្លឹកដែកជ្រុង ចំនួន០៣ដើម និងដែក V ១កំណាត់ ទុកនៅក្បែររបង។ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពប្រមូលដែកនិងសង្កសីខាងលើ យកទៅផ្ទះដើម្បីយកមកប្រក់ផ្ទះរបស់ខ្លួនដែលមានសភាពធ្លុះធ្លាយ។ ពេលនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានទូរសព្ទប្រាប់ទៅជនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប។ ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានសុខដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាងដើម្បីសាកសួរ ។
ជនសង្ស័យបានឲ្យដឹងថាខ្លួនពិតជាបានធ្វើសកម្មភាពលួចដែកនិងស័ង្កសីរបស់ជនរងគ្រោះបានចំនួនពីរលើករួចមកហើយ។ លើកទី០១ :កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ លួចបានស័ង្កសីចំនួន០២សន្លឹក ក្នុង០១ សន្លឹកមានប្រវែង០៣ម៉ែត្រ យកមកប្រក់ដំបូលផ្ទះរបស់ខ្លួន។ លើកទី០២:ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកន្លងមកជនរងគ្រោះធ្លាប់បាត់ស័ង្កសីជាច្រើនសន្លឹក ដែកជ្រុង ៤០x៨០ .និងដែកជ្រុង ៣០x៦០ សរុប ៦០ដើម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមមតិវិធីច្បាប់៕
ដោយ៖ សុរិយា










