បទឈប់បាញ់ មិនមែនជាប័ណ្ណកម្មសិទ្ធិ៖ ថៃមិនអាចយកកាំភ្លើងមកសរសេរ ផែនទីថ្មីលើទឹកដីកម្ពុជាបានទេ

ចែករំលែក៖

ក្នុងវិវាទព្រំដែន គេអាចជជែកគ្នាអំពីសំណួរថា អ្នកណាបាញ់មុន អ្នកណារងគ្រោះ ឬអ្នកណាជាអ្នកធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាអន្តរជាតិ។ ប៉ុន្តែសំណួរទាំងនេះមិនគួរត្រូវបានយកមកជំនួសសំណួរសំខាន់ជាងនេះឡើយ៖ តើអ្នកណាកំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពនៅលើដី ហើយការផ្លាស់ប្តូរនោះឈរលើមូលដ្ឋានច្បាប់អ្វី?

 

ការកំណត់ថា «អ្នកណាបាញ់មុន» អាចមានសារៈសំខាន់សម្រាប់ការស៊ើបអង្កេតអំពីហេតុការណ៍ ប៉ុន្តែមិនអាចយកមកធ្វើជាមូលដ្ឋានសម្រាប់វែកញែកបញ្ហាព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និងព្រំដែន ត្រូវពិនិត្យលើមូលដ្ឋានឯកសារច្បាប់ កិច្ចព្រមព្រៀង ភស្តុតាងប្រវត្តិសាស្ត្រ និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

 

ប្រសិនបើថៃអះអាងថា ខ្លួនប្រើ «សិទ្ធិស្វ័យការពារ» សំណួរដែលត្រូវឆ្លើយមិនអាចបញ្ចប់ត្រឹមពាក្យមួយនេះបានទេ ត្រូវពិនិត្យមើលថា មុនពេលមានការបាញ់ប្រហារ មានអ្វីកើតឡើងនៅលើដី? កងកម្លាំងរបស់ភាគីទាំងពីរស្ថិតនៅទីណា? តើមានការចល័តកម្លាំង ការចូលកាន់កាប់ ឬការបង្កើតវត្តមានថ្មីនៅតំបន់ដែលមានវិវាទឬទេ? ហើយការប្រើកម្លាំងនោះមានភាពចាំបាច់ និងស្របតាមច្បាប់អន្តរជាតិដែរឬទេ?

 

ពាក្យ «ស្វ័យការពារ» មិនមែនជាសិទ្ធិគ្មានដែនកំណត់ក្នុងការប្រើកម្លាំងឡើយ។ ការអះអាងរបស់ភាគីណាមួយត្រូវឈរលើអង្គហេតុ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ មិនអាចយកការអះអាងរបស់ខ្លួនមកធ្វើជាសេចក្តីសម្រេចចុងក្រោយលើសកម្មភាពរបស់ខ្លួនឯងបានទេ។

 

ចំណុចដែលត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺ បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដីកម្ពុជាឡើយ។ បទឈប់បាញ់គ្រាន់មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា កាត់បន្ថយការបាត់បង់ជីវិត និងបើកផ្លូវឱ្យភាគីទាំងពីរវិលទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី មិនមានន័យថាទុកឱ្យភាគីណាមួយអាចយកទីតាំងដែលខ្លួនកាន់កាប់ក្នុងអំឡុងពេលមានបទឈប់បាញ់ មកបកស្រាយថា ទីតាំងនោះបានក្លាយជាទឹកដីរបស់ខ្លួននោះឡើយ។

 

ត្រង់ចំណុចដែលមិនត្រូវមើលរំលងនោះ ប្រសិនបើការចូលកាន់កាប់ទីតាំងមួយត្រូវបានយកមកធ្វើជាអំណះអំណាងលើអធិបតេយ្យភាព នោះនឹងបង្កើតគោលការណ៍ដ៏គ្រោះថ្នាក់មួយ គឺអ្នកណាមានកម្លាំងយោធាខ្លាំងជាង អ្នកនោះអាចបង្កើតស្ថានភាពថ្មី ហើយបន្ទាប់មកទាមទារឱ្យអ្នកដទៃទទួលស្គាល់ស្ថានភាពនោះជាការពិត។ នេះមិនមែនជាគោលការណ៍ដែលអាចយកមកដោះស្រាយព្រំដែនបានទេ។

 

ការកាន់កាប់ទីតាំងមួយ និងអធិបតេយ្យភាពលើទឹកដី គឺជារឿងពីរផ្សេងគ្នា។ វត្តមានយោធាអាចបង្កើតការពិតមួយនៅលើដី ប៉ុន្តែមិនអាចបង្កើតសិទ្ធិលើទឹកដីបានឡើយ។ បើអនុញ្ញាតឱ្យការប្រើកម្លាំងកំណត់ព្រំដែន នោះច្បាប់នឹងត្រូវចុះចាញ់នឹងកម្លាំង ហើយគោលការណ៍សន្តិភាពនឹងបាត់បង់ន័យហើយ។

 

ហេតុនេះហើយ ទើបការព្យាយាមបង្កើត «ស្ថានភាពថ្មី» នៅលើដី រួចយកស្ថានភាពនោះមកធ្វើជាមូលដ្ឋានសម្រាប់ការទាមទារផ្នែកនយោបាយ គួរត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ មិនថាវាកើតឡើងភ្លាមៗ ឬបន្តិចម្តងៗក៏ដោយ ការពិតដែលបង្កើតឡើងដោយកម្លាំង មិនត្រូវបានបម្លែងទៅជាសិទ្ធិស្របច្បាប់ដោយស្វ័យប្រវត្តិឡើយ។

 

យ៉ាងណាមិញ ចំពោះការលើកឡើងអំពីការប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោក និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាមិនបានការពារឧក្រិដ្ឋកម្មឡើយ។ បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមច្បាប់ និងតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ មិនត្រូវបានយកមកធ្វើជាហេតុផលសម្រាប់ការប្រើកម្លាំងឆ្លងកាត់ព្រំដែន ឬបង្កើតស្ថានភាពថ្មីនៅតំបន់ដែលមានវិវាទឡើយ។

 

ដូចគ្នានេះដែរ ពាក្យថា «គោលដៅយោធា» មិនអាចបញ្ចប់ការពិភាក្សាអំពីការវាយប្រហារលើទីតាំងស៊ីវិលបានទេ។ ប្រសិនបើមានការអះអាងថាទីតាំងណាមួយជាគោលដៅយោធា នោះត្រូវមានភស្តុតាងអំពីការប្រើប្រាស់ទីតាំងនោះសម្រាប់គោលបំណងយោធា ហើយត្រូវពិនិត្យថា សកម្មភាពយោធានោះបានគោរពគោលការណ៍ការពារជនស៊ីវិល និងការបែងចែករវាងគោលដៅស៊ីវិល និងយោធាដែរឬទេ។

 

ការប្រកាសរបស់ភាគីពាក់ព័ន្ធគឺគ្រាន់តែជាការអះអាង អ្វីដែលធ្វើឱ្យការអះអាងមួយក្លាយជាការពិត គឺភស្តុតាង និងការផ្ទៀងផ្ទាត់ដែលអាចពិនិត្យបាន។

 

ដូច្នេះ ការអំពាវនាវឱ្យ «កុំធ្វើឱ្យបញ្ហានេះក្លាយជាអន្តរជាតូបនីយកម្ម» ក៏មិនត្រូវបានយកមកធ្វើជាខែលសម្រាប់រារាំងការពិនិត្យដោយភាគីអព្យាក្រឹត ឬយន្តការអន្តរជាតិឡើយ។ ប្រសិនបើភាគីទាំងពីរមានការបកស្រាយខុសគ្នាអំពីអង្គហេតុ វិធីដែលមានហេតុផលបំផុតគឺត្រូវយកភស្តុតាង ច្បាប់ និងយន្តការដែលអាចទទួលយកបានដោយភាគីទាំងពីរមកធ្វើជាមូលដ្ឋាន។

 

លើសពីនេះទៅទៀត បទឈប់បាញ់គួរតែត្រូវបានគោរពតាមខ្លឹមសាររបស់វា មិនត្រូវបានប្រើជាឧបករណ៏សម្រាប់ការបង្កើតការពិតថ្មីនៅលើដីកម្ពុជាទេ។ ប្រសិនបើភាគីទាំងពីរបានព្រមព្រៀងគ្នាថា ការរៀបចំក្រោមបទឈប់បាញ់មិនប៉ះពាល់ដល់ការកំណត់ព្រំដែន និងខ្សែព្រំដែនអន្តរជាតិ នោះគោលការណ៍នេះត្រូវតែត្រូវបានគោរពនិងអនុវត្តតាម។

 

បញ្ហាព្រំដែនគួរត្រឡប់ទៅរកយន្តការដែលបានព្រមព្រៀងគ្នា ការងារវាស់វែង និងខ័ណ្ឌសីមាត្រូវបន្តតាមកិច្ចព្រមព្រៀង និងឯកសារដែលមានស្រាប់ ដោយផ្តល់ការយកចិត្តទុកដាក់ជាពិសេសដល់តំបន់ដែលប្រជាជនស៊ីវិលកំពុងរងផលប៉ះពាល់។

 

នេះទើបជាវិធីដែលអាចបំបែក «ការប្រយុទ្ធ» ចេញពី «ការដោះស្រាយព្រំដែន» បាន។ ការប្រយុទ្ធគ្នាអាចបញ្ឈប់ដោយបទឈប់បាញ់ ប៉ុន្តែបញ្ហាព្រំដែនមិនអាចកំណត់ដោយការដាក់កងទ័ពឱ្យឈរជើងនៅទីតាំងណាមួយឡើយ។ ការកំណត់ព្រំដែនត្រូវផ្អែកលើឯកសារច្បាប់ ភស្តុតាង និងការចរចាតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

 

កម្ពុជាមិនទទួលយកគំនិតដែលថា សន្តិភាពមានន័យថា ភាគីខ្លាំងជាងអាចបង្ខំឱ្យភាគីខ្សោយជាងទទួលយកស្ថានភាពដែលខ្លួនបានបង្កើតនោះដែរ។ សន្តិភាពដែលមាននិរន្តរភាព មិនអាចបង្កើតឡើងលើការបង្ខំបានទេ គឺត្រូវការការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់។

 

កាំភ្លើងមិនអាចសរសេរផែនទីថ្មីបានទេ។ ការកាន់កាប់មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ ហើយបទឈប់បាញ់ក៏មិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដីកម្ពុជាដែរ។

 

ប្រសិនបើថៃពិតជាចង់បានសន្តិភាពយូរអង្វែង នោះផ្លូវដែលគួរដើរមិនមែនជាការបង្កើត «ការពិតថ្មី» នៅលើដីទេ ប៉ុន្តែគឺការបញ្ឈប់សកម្មភាពដែលអាចបង្កើតការយល់ច្រឡំអំពីស្ថានភាពព្រំដែន ហើយត្រឡប់មករកតុចរចា ដោយយកច្បាប់ កិច្ចព្រមព្រៀង និងភស្តុតាងជាមូលដ្ឋាន។ ព្រោះនៅក្នុង ជម្លោះព្រំដែន អ្នកដែលកាន់កាប់ទីតាំងមួយ មិនមែនមានន័យថា អ្នកនោះបានក្លាយជាម្ចាស់ទឹកដីរបស់ប្រទេសដទៃបាននោះឡើយ៕

...

ដោយ៖ ពិន វិជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print