ខេត្តកណ្តាល ÷ បុរសម្នាក់ដោយមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តជិះម៉ូតូឡើងលើស្ពាន ស៊ីជីងពីង ទន្លេ បាសាក់ លោតទឹកសម្លាប់ខ្លួន ជួនអារ័ក្សទឹកមិនទទួល ក៏បានហែលឡើងមកច្រាំងវិញ ត្រូវសមត្ថកិច្ចហៅទៅសួរនាំនិងធ្វើការអប់រំ ។ ហេតុការណ៍នេះកើតឡើងពីវេលាម៉ោង ២០និង០៥នាទី ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចលើស្ពាន មហាវិថីស៊ីជីងពីង ទន្លេបាសាក់ (ស្ពានភ្លោះខាងត្បូង) ស្ថិតក្នុងភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី ឌុល ចំណាន នាយប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានប្រាប់ឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពាន ថាប្រទះឃើញ ម៉ូតូ SCOOPY ពណ៌ស១ គ្រឿងពាក់ស្លាកលេខភ្នំពេញ 1LT-5572 សោរចាក់ជាប់ម៉ូតូ មានទូរស័ព្ទ០១គ្រឿងនៅក្នុងឃ្លុបម៉ូតូ និងមានស្បែក ជើងផ្ទាត់ពណ៌ខ្មៅ០១គូ តែមិនឃើញម្ចាស់ លោកនាយប៉ុស្តិ៍ក៏ប្រញាប់មកកាន់ទីតាំងកើតហេតុភ្លាម គឺបុរសជាជនរងគ្រោះនៅរស់ឈ្មោះ ឈឹត សុភណ្ឌ័ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានសារភាពថា ដោយខ្លួនមានជំពាក់ បំណុលគេច្រើនដោះស្រាយមិនរួច ជាវិបត្តិដ៏ធ្ងន់ធ្ងរ និងក៏មានទាស់សំដីគ្នាជាប្រពន្ធ ទើបសម្រេចចិត្តមកលោត ទឹកបញ្ចប់ជីវិត តែអារក្ស័ទឹកមិនទទួល ទើបធ្វើឲ្យខ្លួនប្រវ៉េប្រវ៉ាហែលទឹកឡើងមកច្រាំងឡើងគោក មិនស្លាប់ និងក៏ត្រូវបានសមត្ថកិច្ចនាំយកទៅបុស្តិ៍ សាកសួរអប់រំលួង លោម និងក៏បានទំនាក់ទំនងទូរសព្ទ័ទៅប្រពន្ធឲ្យមកទទួលយក ជនរងគ្រោះ វិលត្រឡប់ទៅលំនៅដ្ឋានជួបជុំប្រពន្ធកូនក្នុងក្រុមគ្រួសារវិញ ៕
ដោយ៖ សុរិយា










