ខេត្តកណ្តាល ÷ ជនសង្ស័យហាក់មិនរាងចាលទាល់ តែសោះ ធ្លាប់សមត្ថកិច្ចវាយខ្នោះ បញ្ជូនទៅតុលាការ ជាប់ ពន្ធនាគាររហូត០៣លើកករណីហិង្សា ដោយចេតនា និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយលើកទី០៤ បានកើតហេតុនៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៦នៅចំណុច ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍ដើមមៀន បានអន្តរាគមន៏ភ្លាមៗ ដោយជនរងគ្រោះ មានឈ្មោះ សៅ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឯជនសង្ស័យមានឈ្មោះហួត ស៊ីថន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ គ្មានមុខរបរពឹតប្រាកដ វិជ្ជនូវសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០៣លើករួចមកហើយ ករណីហិង្សាដោយចេតនា ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ។
វត្ថុតាងចាប់យក៖ កំណាត់ឈើជ្រុង០១កំណាត់ – បំណែកដុំឥដ្ឋ០១ចំនួន(ជារបស់ជនសង្ស័យ)។ ផលប៉ះពាល់៖ ធ្វើឲ្យជនរងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា រូបគាត់បានជិះម៉ូតូ ទៅផ្ទះប្រពន្ធ នៅទីតាំងកើតហេតុដើម្បីទៅផ្សារ ពេលឈប់ម៉ូតូនៅមុខផ្ទះ ក៏ស្រាប់តែជនសង្ស័យ ដែលមានសភាពស្រវឹងស្រា មិនដឹងជាមូលហេតុអ្វីបានយកកំណាត់ឈើជ្រុងមកគុបសំដៅមកជនរងគ្រោះ តែមិនបណ្តាលឲ្យត្រូវទេ ក្រោយមកជនសង្ស័យបានជេរ ប្រមាថទៅលើជនរងគ្រោះ និងបោកដុំឥដ្ធឲ្យបែកគប់ទៅលើជនរងគ្រោះត្រូវចំទ្រូងតែមិនបណ្តាលឲ្យមាន របួសស្នាមទេ ភ្លាមនោះ ជនរងគ្រោះបានស្ទុះទៅចាប់ជនសង្ស័យផ្តួលនៅលើផ្លូវ រួចបានប្រាប់ឲ្យប្រពន្ធតេទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកទៅសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ហិង្សាទៅលើជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
ដោយ៖ សុរិយា










