នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFocus របស់អាល្លឺម៉ង់ មេបញ្ជាការកងទ័ពស៊ីរីបានបញ្ជាក់ថា គឺអាមេរិកជាអ្នកផ្តល់អាវុធទៅឲ្យក្រុមភេរវកម្ម ក្នុងនោះមានកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះTOW ជាមួយនិងការផ្តល់ជំនួយខាងលើ ។
បើទោះបីអាមេរិកនិងរុស្ស៊ីបានរួមគ្នាគាំទ្រដល់បទឈប់បាញ់នៅស៊ីរី ប៉ុន្តែក្រុមប្រឆាំងនៅស៊ីរីបានប្រកាសថា ពួកគេនៅតែកាន់កាំភ្លើងរហូតដល់រដ្ឋាភិបាលលោកអាល់អាសាដដួលរលំ។
សកម្មភាពទាំងនោះបានបង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោនមានគោលនយោបាយមុខពីរ គឺសង្គ្រាមវាយប្រហារភេរវកម្មលាទត្រដាងឲ្យពិភពលោកបានឃើញ ។ ប៉ុន្តែអាមេរិកបែជាមានទំនាក់ទំនងសម្ងាត់ជាមួយក្រុមភេរវកម្ម ឲ្យតែក្រុមនោះជួយផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ។
សារព័ត៌មានអាមេរិកកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានធ្វើការប្រកាសថា នឹងផ្តល់ជាកញ្ចប់ថវិកាជំនួយមនុស្សធម៌ប្រមាណ៣៦៤លានដុល្លារ ទៅកាន់ប្រជាពលរដ្ឋដែលប៉ះពាល់ ដោយសង្គ្រាមនៅស៊ីរី។
ថវិកាដែលនឹងត្រូវបានផ្តល់ឲ្យតាមរយៈអង្គការសហប្រជាជាតិ ហៅកាត់ថាយូអិន និងតាមរយៈអង្គការសប្បុរសធម៌ ជាច្រើនទៀតដោយមានដូចជា ម្ហូបអាហារ ទឹកស្អាត និងថ្នាំពេទ្យនានា ទៅកាន់តំបន់ដែលរងប៉ះពាល់ធ្ងន់ និងតំបន់ដែលមានជនភៀសខ្លួនច្រើន។
នៅស្របពេលជាមួយគ្នានេះដែរ កងកម្លាំងយោធារបស់រុស្ស៊ី បានដណ្តើមកាន់កាប់ចូលទៅដល់ ភាគកណ្តាលនៃទីក្រុងអាឡេប៉ូ ហើយបន្ទាប់ពីការវាយប្រហារ តាមអាកាសយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនថ្ងៃ។
ពាក់ព័ន្ធនិងការស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី អាមេរិកនិងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានប្រព្រឹត្តល្មើសនៅក្នុងប្រទេសស៊ីរី។ ឯកអគ្គរដ្ឋទូត អាមេរិកបានចោទរុស្ស៊ីថា ប្រព្រឹត្ត” អំពើឃោរឃៅសែនអមនុស្សធម៌” នៅស៊ីរី និងវោហារបំភ្លៃចេញពីបបូរមាត់ ឯកអគ្គរដ្ឋទូតអង់គ្លេសដែលចោទរុស្ស៊ីថា ប្រព្រឹត្ត”ឧក្រិដ្ឋកម្មសង្គ្រាម” នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីសង្កត់ធ្ងន់ថា អាមេរិកអសមត្ថភាពញែកពួកភេរវជន ឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុលនិយមចែងដោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី ចុះរវាងម៉ូស្គូនិងវ៉ាស៊ីនតោន។
“យើងចាត់ទុក សម្ដីសំដៅ និងវោហារបំភ្លៃបន្លឺឡើង ក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ល្ងាចថ្ងៃអាទិត្យទី២៥ ខែកញ្ញា ដោយតំណាងផ្លូវការរបស់ស.រ.អា. និងអង់គ្លេស ជះមកលើរុស្ស៊ីថា ជាទូទៅគឺមិនអាចទទួលយកបានឡើយ ដោយវាអាចនាំឲ្យខូចដល់ដំណោះស្រាយវិបត្តិ នៅស៊ីរី និងខូចដល់ទំនាក់ទំនងទ្វេភាគីរបស់ម៉ូស្គូជាមួយវ៉ាស៊ីនតោន និងជាមួយក្រុងឡុងដ៏ ក្នុង ផលប្រយោជន៍នៃដំណោះស្រាយនេះ” សេចក្តីខាងលើថ្លែងរសៀល ថ្ងៃច័ន្ទទី២៦ ខែកញ្ញា ទៅពួកអ្នកកាសែតនៅម៉ូស្គូ ដោយអ្នកនាំពាក្យផ្លូវការរបស់វិមានក្រេមឡាំង លោកឌ្មីទ្រី ពេស្កូវ។
មូលហេតុដែលញ៉ាំងឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឲ្យកោះប្រជុំ ជាបន្ទាន់ ទៅតាមសំណូមពរអាមេរិក អង់គ្លេស បារាំង គឺដើម្បីថ្កោលទោសរុស្ស៊ី ចំពោះការទម្លាក់គ្រាប់បែក ដោយរួមជាមួយកងអាកាសស៊ីរី អស់៣ថ្ងៃជាប់មកហើយស្រោចទៅលើសង្កាត់ណានៃ ក្រុងអាឡិប ដែលស្ថិតនៅក្រោមការកាន់កាប់ពួកឧទ្ទាម លុះទាល់តែតាមតួលេខអង្គការស៊ីរីខាងឃ្លាំមើលការគោរពសិទ្ធិមនុស្ស OSDH បណ្តាលឲ្យស្លាប់យ៉ាងហោចណាស់ អស់១២៤នាក់ ពីក្នុងនោះមានកុមារ១៩នាក់ កប់នៅក្រោមគំនរបាក់បែកនៃអគារដួលរលំទៅដោយមកពីការទម្លាក់គ្រាប់បែកនោះ។
ម្ល៉ោះហើយ បានជាលោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Samantha Power បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា អ្វីៗដែលធ្វើដោយរុស្ស៊ីនៅស៊ីរី គឺមិនមែនរកដំណោះស្រាយតាមផ្លូវការទូតទេ តែជា”អំពើព្រៃផ្សៃសែនឃោរឃៅ អមនុស្សធម៌” ដែលច្រានស្ថានការណ៍នៅទីនោះ ឲ្យធ្លាក់ក្នុងភាពទ័លច្រក។
លោកឯកអគ្គរដ្ឋទូតអង់គ្លេស Matthew Rycroft បានស្នើឲ្យរួមប្រជុំ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានសមត្ថកិច្ចខាងពិនិត្យមើលឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយ រុស្ស៊ី ប៉ុន្តែការប៉ុនប៉ងលើកចុងក្រោយ រួមប្រជុំបែបនេះ ត្រូវបានផ្កាប់ឲ្យលឹបទៅដោយវេតូរុស្ស៊ី។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Vitali Churkin បានច្រានការចោទប្រកាន់លើរុស្ស៊ីនោះ បកទៅលើ សម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយក្រុងវ៉ាស៊ីនតោន ដែលបានបំពាក់អាវុធច្រើនសន្ធឹកទៅហើយដល់ពួកក្រុមឧទ្ទាមភេរវនិយម រាប់រយក្រុម ហើយពួកគេផ្ទាល់ ជាអ្នកវាយប្រហារគ្មានដឹងខុសត្រូវ បំផ្លាញប្រទេសស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី