កម្ពុជា-រវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា និងការតភ្ជាប់ទំនាក់ទំនង វិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា កម្ពុជា-រវ៉ាន់ដា ពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ គតិយុត្តរួម ជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យ ឯកជននៃប្រទេសទាំងពីរ។

 

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

 

លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរ វិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោ នៃប្រទេសរវ៉ាន់ដា ក្នុងការធ្វើ ពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរ បទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។

 

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាព នៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board – RDB ដើម្បីបង្កើត ជាក្របខ័ណ្ឌគតិយុត្តរួមមួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

...

 

ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតី មិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print