ខេត្តស្វាយរៀង៖ កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។
ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក អភិបាលខេត្តស្វាយរៀង រួមជាមួយការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង លោក ចាន់ វណ្ណៈ និងលោកស្រី ពៅ ទេវី បានចុះត្រួតពិនិត្យរដ្ឋបាល និងឆែកឆេរទីតាំងកាស៊ីណូ វីន វីន (Win Win) ព្រមទាំងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។
សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យរួមមាន៖
ទីតាំងទី១ (កាស៊ីណូ វីន វីន)៖ សមត្ថកិច្ចបានចុះត្រួតពិនិត្យអគារចំនួន ០៤ រួមមាន ប្លុក A1 (៣ជាន់ ស្មើនឹង ៦៦បន្ទប់), A2 (៣ជាន់ ស្មើនឹង ២០បន្ទប់), B (៣ជាន់ ស្មើនឹង ៧៥បន្ទប់) និង C (៤ជាន់ ស្មើនឹង ៥១បន្ទប់)។
ក្រុមការងារបានរកឃើញបណ្តាញអគ្គិសនី កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនត្រជាក់ បណ្តាញអ៊ីនធឺណិតកំពុងដំណើរការ ព្រមទាំងសម្ភារៈតុកៅអីមួយចំនួនធំ ដែលរៀបចំជាបន្ទប់ធ្វើការសង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ផ្អែកលើការរកឃើញនេះ សមត្ថកិច្ចចម្រុះបានសម្រេចបិទអគារ A2, B និង C ជាបណ្តោះអាសន្ន។ ក្រៅពីនេះ មិនមានការរកឃើញវត្ថុតាង ឬបទល្មើសផ្សេងទៀតឡើយ ដោយសមត្ថកិច្ចបានធ្វើកំណត់ហេតុជាក់ស្តែងដើម្បីបន្តនីតិវិធី។
ទីតាំងទី២ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត)៖ ត្រួតពិនិត្យឃើញជនបរទេសស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ៤នាក់ (ស្រី ១នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ (ប្រុស)។
អ្នកទាំងអស់សុទ្ធតែមានលិខិតឆ្លងដែនស្របច្បាប់ និងពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scam ឡើយ។
ទីតាំងទី៣ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត): ត្រួតពិនិត្យឃើញជនបរទេសសញ្ជាតិប៉ាគីស្ថាន ស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់)។
អ្នកទាំងអស់មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ៕
ដោយ៖ សុថាន










