ជនជាតិសិង្ហបុរីចំនួន ៥២នាក់ ត្រូវបានចាប់ខ្លួន និងឃាត់ខ្លួននៅតំបន់ Guangxi ប្រទេសចិន ពាក់ព័ន្ធនឹងការសង្ស័យថា បានចូលរួមក្នុង សកម្មភាពគម្រោងពីរ៉ាមីត (Pyramid Scheme) និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមក្រសួងការបរទេសសិង្ហបុរី (MFA) និងប៉ូលិសសិង្ហបុរី ដែលបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា។
ករណីនេះត្រូវបានគេជឿថា ជា ករណីដែលមានចំនួនជនជាតិសិង្ហបុរីត្រូវបានចាប់ខ្លួន និងឃាត់ខ្លួននៅក្រៅប្រទេសច្រើនបំផុតក្នុងពេលតែមួយ។
ក្រសួងការបរទេសសិង្ហបុរីបានឱ្យដឹងថា ខ្លួនកំពុងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរចិន តាមរយៈស្ថានទូតសិង្ហបុរីប្រចាំទីក្រុងប៉េកាំង និងស្ថានអគ្គកុងស៊ុលសិង្ហបុរីប្រចាំទីក្រុងក្វាងចូវ។ អាជ្ញាធរចិនបានជូនដំណឹងថា ការស៊ើបអង្កេតនៅតែបន្តធ្វើឡើង។
តាមប្រភព ៣ ដែល CNA បានសម្ភាសន៍ ជនជាតិសិង្ហបុរីទាំងនោះត្រូវបានឃាត់ខ្លួនចាប់តាំងពីយ៉ាងហោចណាស់ពាក់កណ្តាលខែកក្កដា។
ក្រោមច្បាប់របស់ប្រទេសចិន ជនដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តបទល្មើសមួយចំនួន អាចត្រូវបានឃាត់ខ្លួនរហូតដល់ ៣៧ថ្ងៃ មុនពេលអាជ្ញាធរសម្រេចថា តើនឹងចាប់ខ្លួនជាផ្លូវការឬយ៉ាងណា។
ក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ថា ខ្លួនបានទៅសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបស់ជនជាតិសិង្ហបុរីទាំង ៥២នាក់ ដើម្បីធានាសុខុមាលភាព និងផ្តល់ ជំនួយកុងស៊ុល។ ក្រសួងក៏កំពុងទាក់ទងជាមួយសមាជិកគ្រួសារ ឬសាច់ញាតិជិតបំផុតរបស់ពួកគេផងដែរ។
នៅទីស្នាក់ការក្រសួងការបរទេសសិង្ហបុរី កាលពីព្រឹកថ្ងៃសុក្រ រដ្ឋមន្ត្រីទី២ ទទួលបន្ទុកការបរទេស និងក្រសួងមហាផ្ទៃ Sim Ann បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីក្រសួងបានទៅជួបអ្នកដែលត្រូវបានឃាត់ខ្លួនចំនួន ៣លើក រួចមកហើយ។
ការចុះទៅជួបនេះ រួមមានការបញ្ជូនសំណើរបស់អ្នកដែលត្រូវបានឃាត់ខ្លួនទៅកាន់អាជ្ញាធរ ការបញ្ជូនសារពីក្រុមគ្រួសារ និងការជួយសម្របសម្រួលបញ្ហារដ្ឋបាលផ្សេងៗ។
លោកស្រី Sim Ann បានបន្ថែមថា លោកស្រីបានជួបសមាជិកគ្រួសាររបស់អ្នកដែលត្រូវបានឃាត់ខ្លួនភាគច្រើន។ លោកស្រីបាននិយាយថា៖ «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយពួកគេឆ្លងកាត់ពេលវេលាដ៏លំបាក ដែលយើងយល់ថា ពិតជាមិនងាយស្រួលសម្រាប់ពួកគេឡើយ។»
លោកស្រី Sim បានបញ្ជាក់ថា៖ «ទោះបីយើងផ្តល់ជំនួយកុងស៊ុលដល់ជនជាតិសិង្ហបុរីដែលរងផលប៉ះពាល់ក៏ដោយ ខ្ញុំចង់បញ្ជាក់ថា រដ្ឋាភិបាលសិង្ហបុរីមិនជ្រៀតជ្រែកក្នុងដំណើរការតុលាការ និងការស៊ើបអង្កេតរបស់ប្រទេសដទៃឡើយ ដូចដែលយើងរំពឹងថា រដ្ឋាភិបាលបរទេសក៏នឹងគោរពច្បាប់ និងដំណើរការផ្លូវច្បាប់របស់យើងផងដែរ។»
លោកស្រីបន្តថា៖ «រដ្ឋាភិបាលសិង្ហបុរីនឹងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ ហើយសង្កត់ធ្ងន់ថា នីតិវិធីត្រឹមត្រូវតាមច្បាប់ គួរតែត្រូវបានអនុវត្តចំពោះពលរដ្ឋរបស់យើង។»
លោកស្រី Sim Ann ក៏បានរំលឹកជាថ្មីថា ប្រជាជនសិង្ហបុរីគួរតែ ប្រុងប្រយ័ត្ន នៅពេលពិចារណាចូលរួមក្នុងគម្រោងអាជីវកម្ម ឬគម្រោងវិនិយោគនានា ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។
លោកស្រីបានបញ្ជាក់ថា ការប្រុងប្រយ័ត្នគួរតែមានជាពិសេសចំពោះគម្រោងដែល៖
– តម្រូវឱ្យមានការជ្រើសរើស ឬជ្រើសរើសសមាជិកថ្មីឱ្យចូលរួមជាបន្តបន្ទាប់
– តម្រូវឱ្យបង់ប្រាក់ចំនួនធំជាមុន
– សន្យាផ្តល់ ផលចំណេញខ្ពស់ខុសពីធម្មតា
លោកស្រីបានបន្ថែមថា៖ «ប្រជាជនសិង្ហបុរីដែលធ្វើដំណើរ ឬរស់នៅក្រៅប្រទេស ត្រូវបានរំលឹកឱ្យគោរព និងអនុវត្តតាមច្បាប់របស់ប្រទេសដែលពួកគេស្នាក់នៅ»។»
ជាការឆ្លើយតបទៅនឹងសំណួររបស់ CNA ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា៖ «ប្រទេសចិនដោះស្រាយករណីដែលពាក់ព័ន្ធនឹងជនបរទេស ស្របតាមច្បាប់ និងធានាយ៉ាងពេញលេញនូវ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកដែលពាក់ព័ន្ធ៕»
លោកស្រី Sim Ann រដ្ឋមន្ត្រីទី២ ទទួលបន្ទុកក្រសួងការបរទេស និងក្រសួងមហាផ្ទៃសិង្ហបុរី ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅទីស្នាក់ការក្រសួងការបរទេសសិង្ហបុរី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
(រូបភាព៖ CNA/Alyssa Tan)










