លោក អ៊ុក ពេជ្រសំណាង ត្រូវកម្លាំងនគរបាលចាប់ខ្លួន ក្រោយបង្ហោះខ្លឹមសារតាមហ្វេសប៊ុកជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ុក ពេជ្រសំណាង ត្រូវកម្លាំងនគរបាលចាប់ខ្លួន ក្រោយបង្ហោះខ្លឹមសារតាមហ្វេសប៊ុកជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើង បង្កចលាចល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃ ផែនការងារសន្តិសុខ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ច អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៣៨៧អ.យ.ន ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា បុគ្គលរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គម ឈ្មោះ អ៊ុក ពេជ្រសំណាង បង្ហោះខ្លឹមសារក្នុងចេតនាទុច្ចរិត ជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើង បង្កចលាចល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់កំហុសថា ខ្លួនពិតជាបានប្រើប្រាស់គណនីបណ្តាញសង្គមខាងលើ ដើម្បីខំមិន និងបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំពិត ប្រាកដមែន។ ទង្វើនេះជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងមិនមែនជាការសម្តែងមតិស្របច្បាប់នោះឡើយ។ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងភស្តុតាង ដែលសមត្ថកិច្ចប្រមូលបាន ព្រមទាំងអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ មានបន្ទុកបទល្មើសគ្រប់គ្រាន់ដើម្បីកសាងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ថ្លៃថ្នូរ និង ជៀសវាងការខំមិន ឬបង្ហោះសារជេរប្រមាថ មួលបង្កាច់ បំភ្លៃការពិត ដែលនាំឱ្យប្រឈមមុខចំពោះច្បាប់ជាធរមាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print