លោក អភិបាលរងខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងលើការដ្ឋានកំពុងដំណើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ ស្ថិតនៅចំណុចត្រើយខាងកើតនៃទន្លេវ៉ៃគោ

ចែករំលែក៖

ខេត្តស្វាយរៀង:លោក អភិបាលរងខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងលើការដ្ឋានកំពុងដំណើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ ស្ថិតនៅចំណុចត្រើយខាងកើតនៃទន្លេវ៉ៃគោក្រុងស្វាយរៀង។

ដោយទទួលបានការយកចិត្តទុកដាក់ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោក សេង សីលា អភិបាលរងខេត្ត ដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងលើការដ្ឋានកំពុងដំណើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ ស្ថិតនៅចំណុចត្រើយខាងកើតនៃទន្លេវ៉ៃគោ សំដៅលើកកម្ពស់សោភ័ណភាពក្រុង បម្រើផលប្រយោជន៍សាធារណៈ និងជាកន្លែងសម្រាកលំហែកាយសម្រាប់បងប្អូនប្រជាពលរដ្ឋ។

 ទន្ទឹមនឹងការចុះពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លោក សេង សីលា និងក្រុមការងារ បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់តំណាងក្រុមហ៊ុនទទួលការ ត្រូវអនុវត្តនូវវិធានការចាំបាច់មួយចំនួននៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលទៅទីតាំងគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ រួមមាន៖

១.រថយន្តដឹកជញ្ជូនដីទាំងអស់ដឹកដីកុំអោយខ្ពស់ជាទ្រុងឡាន ការពារកុំឱ្យជ្រុះដីរាយប៉ាយលើទ្រូងផ្លូវសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

 ២.ត្រូវធ្វើការសម្អាតដងផ្លូវជាប្រចាំ៖ រាល់កម្ទេចដី ឬកំទេចថ្មដែលបានជ្រុះធ្លាក់លើផ្លូវ ត្រូវចាត់ចែងកម្លាំងបោសសម្អាត និងបាញ់ទឹកលាងសម្អាតឱ្យបានស្អាតជាប្រចាំ ជៀសវាងការហុយប៉ះពាល់ដល់សុខភាព និងការធ្វើដំណើររបស់ពលរដ្ឋ។

 ៣.ការកំណត់ពេលវេលាដឹកជញ្ជូនឱ្យបានសមស្របចៀសវាងការធ្វើចរាចរណ៍រថយន្តធំៗក្នុងម៉ោងមមាញឹកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។

 ៤.ការបំពាក់ស្លាកសញ្ញាសុវត្ថិភាព៖ ត្រូវដាក់ស្លាកសញ្ញាព្រមាន និងស្លាកសញ្ញាចរាចរណ៍នៅគ្រប់ចំណុចចេញ-ចូលការដ្ឋាន និងតាមដងផ្លូវជុំវិញ ដើម្បីផ្តល់ដំណឹងទុកជាមុនដល់អ្នកបើកបរ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

...

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានទទួលយកការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងសន្យាថានឹងចាត់ចែងអនុវត្តតាមវិធានការទាំងនេះឱ្យបានម៉ត់ចត់ និងឆាប់រហ័សបំផុត ដើម្បីឱ្យដំណើរការគម្រោងអភិវឌ្ឍន៍សួនច្បារ និងផ្លូវសាធារណៈនេះដំណើរការទៅដោយរលូន និងមិនបង្កការរំខានដល់សាធារណជនឡើយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print