លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានវ៉ាលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ឡើងក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេទី៧ លើពិភពលោក បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុន Oracle បានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកកើនលើស ២០០ពាន់លានដុល្លារ។
យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់ Ellison បានកើនឡើងជិត ១២ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដល់ប្រមាណ ២០០.២ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធី និង Cloud Computing បានកើនឡើងយ៉ាងខ្លាំង។
ភាគហ៊ុន Oracle បានបិទការជួញដូរកាលពីថ្ងៃទី ៣ ខែកញ្ញា ក្នុងតម្លៃ ១៥៤,០៤ដុល្លារ/ភាគហ៊ុន កើនឡើងប្រមាណ ៥,៧% ក្នុងមួយថ្ងៃ។
ការកើនឡើងនេះបានធ្វើឱ្យ Ellison អាយុ ៨២ឆ្នាំ ដែលកាន់កាប់ភាគហ៊ុន Oracle ប្រមាណ ៤០% វ៉ា Jensen Huang អាយុ ៦៣ឆ្នាំ ដែលតាមការប៉ាន់ស្មានរបស់ Forbes មានទ្រព្យសម្បត្តិប្រមាណ ១៩៨ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់ Huang ក៏បានកើនប្រមាណ ៤,៣ពាន់លានដុល្លារ នៅថ្ងៃព្រហស្បតិ៍ ដោយសារភាគហ៊ុន Nvidia កើនជិត ២% ប៉ុន្តែការកើនឡើងនេះមិនគ្រប់គ្រាន់ដើម្បីរក្សាតំណែងរបស់លោកឱ្យនៅមុខ Ellison បានទេ។
ការផ្លាស់ប្តូរតំណែងនេះកើតឡើងត្រឹមតែ មិនដល់មួយសប្តាហ៍ បន្ទាប់ពី Huang បានវ៉ា Ellison និងក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៦ លើពិភពលោក បន្ទាប់ពីភាគហ៊ុន Nvidia កើនឡើងយ៉ាងខ្លាំង។
កាលពីថ្ងៃទី ២៧ ខែសីហា ទ្រព្យសម្បត្តិរបស់ Huang បានកើន ១៥,៦ពាន់លានដុល្លារ ដល់ ១៩៦,៨ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុន Nvidia កើនឡើង ៨,៧%។ ការកើនឡើងនេះបានធ្វើឱ្យលោកវ៉ានាយកប្រតិបត្តិ Meta លោក Mark Zuckerberg និង Ellison ដែលនៅពេលនោះមានទ្រព្យសម្បត្តិប្រមាណ ១៩៤,៩ពាន់លានដុល្លារ។
បច្ចុប្បន្ន Nvidia នៅតែជាក្រុមហ៊ុនចុះបញ្ជីលើទីផ្សារមូលបត្រដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក ដោយមាន មូលធនប័ត្រទីផ្សារ (market capitalization) ប្រមាណ ៥,៤ទ្រីលានដុល្លារ នៅដើមខែកញ្ញា។
ការងើបឡើងវិញរបស់ Ellison កើតឡើងបន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមរដូវក្តៅឆ្នាំនេះ។
លោកធ្លាប់ជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី២ លើពិភពលោកកាលពីថ្ងៃទី ២ ខែមិថុនា ប៉ុន្តែបានធ្លាក់ដល់លេខ៨ នៅពាក់កណ្តាលខែសីហា បន្ទាប់ពីតម្លៃភាគហ៊ុន Oracle ធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងអំឡុងពេលនោះ ទ្រព្យសម្បត្តិរបស់លោកបានថយចុះប្រមាណ ១០៤ពាន់លានដុល្លារ ពីជិត ២៩៧ពាន់លានដុល្លារ មកនៅត្រឹម ១៩២.៦ពាន់លានដុល្លារ។
ភាគហ៊ុន Oracle បានធ្លាក់ចុះជាង ៥០% ពីកម្រិតខ្ពស់ជាង ២៥០ដុល្លារ/ភាគហ៊ុន នៅដើមខែមិថុនា មកនៅត្រឹម ១១៤,៥០ដុល្លារ កាលពីថ្ងៃទី២៨ ខែកក្កដា មុនពេលចាប់ផ្តើមងើបឡើងវិញ។
ផ្នែកដ៏សំខាន់មួយនៃអាជីវកម្មនាពេលអនាគតរបស់ Oracle មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន AI រួមទាំង OpenAI ដែលបានព្រមព្រៀងកាលពីឆ្នាំមុនក្នុងការទិញសមត្ថភាព កុំព្យូទ័រ (computing capacity) ពី Oracle ដែលមានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ។
ការពង្រីកអាជីវកម្ម AI យ៉ាងខ្លាំងរបស់ Oracle ក៏បានធ្វើឱ្យ Ellison ទទួលបានការទទួលស្គាល់កាន់តែច្រើនផងដែរ។ ទស្សនាវដ្តី Time បានដាក់ឈ្មោះលោកក្នុងបញ្ជី 2026 TIME100 AI កាលពីខែសីហា ដោយលើកឡើងពីតួនាទីកាន់តែសំខាន់របស់ Oracle ក្នុងការផ្គត់ផ្គង់ ថាមពលកុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធ ដល់ឧស្សាហកម្ម AI៕










