លោក គង់ សុភី៖ កម្ពុជាកំពុងអភិវឌ្ឍ «ប្រព័ន្ធកូនកាត់» ក្នុងមុខងារសាធារណៈ ដើម្បីពង្រឹងគុណាធិបតេយ្យ និងប្រសិទ្ធភាពការងារនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅសាលាខេត្តកំពង់ចាម លោក គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺពឹងផ្អែកទាំងស្រុងលើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ នេះបើយោងតាមផេកក្រសួងមុខងារសាធារណៈបង្ហោះនៅព្រឹកនេះ។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនបានផ្លាស់ប្តូរពីប្រព័ន្ធមុខងារសាធារណៈបច្ចុប្បន្ន ទៅកាន់ប្រព័ន្ធនិយោជន៍តែម្តងនោះទេ ប៉ុន្តែបាននិងកំពុងអភិវឌ្ឍប្រព័ន្ធគំរូថ្មីមួយហៅថា «ប្រព័ន្ធកូនកាត់ (Hybrid Civil Service System)»។ ប្រព័ន្ធថ្មីនេះ គឺជាការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ប្រព័ន្ធទាំងពីរ ដើម្បីឆ្លើយតបទៅនឹងបរិបទនយោបាយ រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា “បទពិសោធរបស់យើង មិនត្រឹមតែមានសារៈសំខាន់ សម្រាប់ការកែទម្រង់មុខងារសាធារណៈក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់ការសិក្សាស្រាវជ្រាវជាអន្តរជាតិអំពីគុណាធិបតេយ្យ និងការកែទម្រង់អភិបាលកិច្ច នៅក្នុងប្រទេសកំពុងអភិវឌ្ឍដទៃទៀតផង។”

ផ្អែកលើវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ក្រោមអភិក្រម “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” និង “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” រាជរដ្ឋាភិបាលបានទទួលការគាំទ្រ និងជំនឿទុកចិត្តយ៉ាងច្រើនពីសាធារណជន ក្នុងការជ្រើសរើសបានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានសមត្ថភាព និងជំនាញច្បាស់លាស់ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print